(ប៉េកាំង)៖ គិតពីខែកញ្ញា ឆ្នាំ២០១៣ មកទល់បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើង ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគម្រប់៨ឆ្នាំហើយ។ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមនេះបានវិវត្តន៍ទៅរកភាពចាស់ទុំ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានវិសាលភាពនិងឥទ្ធិពលយ៉ាងទូលំទូលាយ ពោលគឺបាននិងកំពុងក្លាយជាសរសៃឈាមថ្មី នៃសេដ្ឋកិច្ចពិភពលោក។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នេះគឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ ត្រូវបានបង្កើតឡើងកាលពីជាង ២ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុងស៊ីអានប្រទេសចិន ឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីបអ៊ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦,៤៤០គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរពីទីក្រុងកំពង់ផែមួយចំនួនរបស់ប្រទេសចិន ដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវជាដើមទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក ។

យើងងាកមកមើលពី «ខ្សែក្រវាត់និងផ្លូវ» ដែលជាពាក្យហៅកាត់នៃ «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ» និង «ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» នាសម័យបច្ចុប្បន្នវិញ គឺមានវិសាលភាពកាន់តែធំទូលាយ និងទទួលបានការទទួលស្គាល់ និងចូលរួមពីសំណាក់ប្រទេស និងតំបន់ជាដៃគូយ៉ាងច្រើន ដើម្បីរួមគ្នាចែករំលែកពីសមិទ្ធផលនៃការរួមគ្នាកសាង រួមគ្នាអភិវឌ្ឍ ក្នុងន័យសម្រេចបាននូវវិបុលភាពរួម ដែលជាបំណងប្រាថ្នានៃប្រជាជនទូទាំងពិភពលោក ។

គិតត្រឹមចុងខែមករាឆ្នាំ ២០២១នេះ មានប្រទេសចំនួន១៤០ និងអង្គការអន្តរជាតិចំនួន៣១ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួន២០៥ឯកសារ ជាមួយប្រទេសចិន ដែលសបង្ហាញថាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក ។

អ្វីដែលគួររំលឹកគឺថា តាមរយៈការជំរុញនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ប្រទេសចិន នៅឆ្នាំ២០២០។ ដោយឡែកនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២១នេះ តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ប្រទេសអាស៊ានជាគោលដៅវិនិយោគសំខាន់បំផុត នៃការបណ្តាក់ទុននៅក្រៅប្រទេសរបស់ប្រទេសចិន ។ គិតត្រឹមចុងខែមិថុនានេះ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ានសរុបលើសពី ៣១០ប៊ីលានដុល្លារអាមេរិក ចំណែកឯទំហំកិច្ចសហប្រតិបត្តិការផ្នែកម៉ៅការ ខាងវិស្វកម្មរបស់សហគ្រាសចិន នៅប្រទេសអាស៊ានសរុបជិត ៣៥០ប៊ីលានដុល្លារអាមេរិក ។

កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់និងផ្លូវ» ដំបូងគេ ហើយអ្វីដែលយើងឃើញជាក់នឹងភ្នែក គឺកម្ពុជាទទួលបានសមិទ្ធផលជាច្រើនពីគំនិតផ្តួចផ្តើមនេះ។ វិស័យចម្បងជាច្រើនជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានគម្រោងធំៗដូចជាផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីជាដើម ដែលជាគម្រោងជំនួយ ឬគម្រោងសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ។

ពិសេសក្រោយពីប្រទេសទាំងពីរកម្ពុជានិងចិនបានសន្មតគ្នាជា «មិត្តដែកថែប» មក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពកាន់តែស្អិតល្មួត ចំណែកឯគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានដើរតួនាទីជាកម្លាំងចលករដែលស៊ីចង្វាក់គ្នាជាមួយ «យុទ្ធសាស្ត្រចតុកោណ» របស់កម្ពុជា។ តាមរយៈទិន្នន័យស្តីពីទំហំពាណិជ្ជកម្មទ្វេភាគី ដែលកើនឡើងជាបន្តបន្ទាប់ យើងមិនពិបាកមើលឃើញទេថា ប្រទេសទាំងពីរជាដៃគូសហប្រតិបត្តិការ ដែលមានអំណោយផលពីធម្មជាតិ។

ក្រៅពីកម្ពុជាដែលទទួលបានផលជាក់ស្តែង ជាបន្តបន្ទាប់ពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បណ្តាប្រទេសជាដៃគូដទៃទៀត លើពិភពលោកក៏ទទួលបានផលទៅវិញទៅមកតាមរយៈការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ផងដែរ។ ពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានតភ្ជាប់គោលនយោបាយឬយុទ្ធសាស្ត្រជាតិរបស់ខ្លួន ជាមួយគំនិតផ្តួចផ្តើមនេះ សុទ្ធសឹងតែទទួលបានសមិទ្ធផលលើវិស័យជាច្រើន ដើម្បីអភិវឌ្ឍប្រទេសជាតិក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ប្រកាន់ខ្ជាប់ទស្សនៈ «ធ្វើកិច្ចសហប្រតិបត្តិការ បើកទូលាយនិងបរិយាប័ន្ន រៀនសូត្រពីគ្នា ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ» ព្រមទាំងគោលការណ៍រួមគ្នាពិភាក្សា ចែករំលែកជាមួយគ្នា និងរួមគ្នាកសាង។ អាស្រ័យហេតុនេះ ស្របនឹងការតភ្ជាប់លើគ្រប់វិស័យរវាងប្រទេសចិនជាមួយប្រទេសជាដៃគូ ក៏បានតភ្ជាប់ដួងចិត្ត រវាងប្រជាជននៃប្រទេសនានាផងដែរ។ អាចនិយាយបានថា ក្រៅពីជាសរសៃឈាមថ្មីនៃសេដ្ឋកិច្ចពិភពលោក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ក៏ជាខ្សែក្រវាត់សម្រាប់រឹតចំណងមិត្តភាព រវាងប្រទេសចិនជាមួយប្រជាជនទូទាំងពិភពលោក ដើម្បីឆ្ពោះទៅសម្រេចគោលដៅរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕

ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន