(ប៉ារីស)៖ រដ្ឋាភិបាលបារាំងបានប្រកាសផ្ដល់សេវាគ្រប់គ្រងការមានកូន ឬពន្យារកំណើតដោយឥតគិតថ្លៃសម្រាប់ស្ត្រី រហូតដល់អាយុ២៥ឆ្នាំ ដោយចាប់អនុវត្តពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ ហើយតាមរយៈការសម្រេចចិត្តនេះ រដ្ឋនឹងត្រូវចំណាយប្រាក់ ២៤.៨លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលបារាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកាសពីគោលនយោបាយថ្មីខាងលើធ្វើឡើង ចំពេលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង កំពុងត្រៀមខ្លួនធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សបារាំង ហ្រ្វង់ដឺ (France 2) នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក អូលីវីយេ វ៉ែរ៉ង់ (Olivier Veran) បានបញ្ជាក់ ដូច្នេះថា «វាមានការថយចុះនៃការប្រើមធ្យោបាយពន្យារកំណើត ឬគ្រប់គ្រងការមានកូននៅក្នុងចំណោមស្ត្រីវ័យក្មេងដោយសារតែមូលហេតុហិរញ្ញវត្ថុ...ហើយវារឿង មិនអាចទទួលយកបានឡើយដែលស្ត្រីមិនអាចការពារខ្លួនឯង, មិនអាចទទួលបានសេវាមួយនេះ ទោះបីជាពួកគេចង់ក៏ដោយ ក៏ព្រោះវាមានតម្លៃថ្លៃពេក»

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន នៅក្នុងប្រទេសបារាំង អាយុដែលកំណត់ឱ្យទទួលបានសេវាពន្យារកំណើតដោយឥតគិតថ្លៃគឺ ១៨ឆ្នាំ៕