(ប៉េកាំង)៖ មុនខួបទី២០នៃព្រឹតិ្តការណ៍វាយប្រហារដោយភេរវកម្មថ្ងៃទី១១ ខែកញ្ញា សង្រ្គាមអាហ្វហ្កានីស្ថានដែលអាមេរិក បានបំផុសនោះត្រូវបានបញ្ចប់ដោយបរាជ័យ។ ក្នុងដំណាក់កាលចុងក្រោយដែលទាហានអាមេរិក ជម្លៀសចេញដោយប្រញាប់ប្រញាល់ បក្ខពួកនៃក្រុមភេរវករ ISIS ដែលជាអង្គការជ្រុលនិយម បានបង្ករឿងបំផ្ទុះជាបន្តបន្ទាប់នៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន បណ្តាលឱ្យមនុស្សជាងមួយរយនាក់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងទាហានអាមេរិក១៣នាក់ផងដែរ។

អ្វីដែលពួកគេហៅថា «សង្គ្រាមប្រឆាំងភេរវកម្ម» ដែលបានអូសបន្លាយអស់រយៈពេល២០ឆ្នាំ ចំណាយប្រាក់ជាង២ទ្រីលានដុល្លារអាមេរិក និងបណ្តាលឱ្យទាហានអាមេរិកជាង ២ម៉ឺននាក់ស្លាប់បាត់និងរងរបួស ហេតុអ្វីបានជាបានបញ្ចប់ដោយបរាជ័យយ៉ាងធ្ងន់ធ្ងរដូចនេះ? ប្រការនេះធ្វើឱ្យពិភពលោកទាំងមូល បាននិងកំពុងគិតពិចារណាពីកំហុស ។

ដូចអ្នកវិភាគមួយចំនួនបានលើកឡើងថា មូលហេតុសំខាន់មួយ គឺដោយមកពីក្នុងបញ្ហាប្រឆាំងភេរវកម្ម ការគិតគូររបស់អាមេរិកផ្តោតសំខាន់ តែផលប្រយោជន៍របស់ខ្លួន ហើយបានអនុវត្តស្តង់ដារខុសគ្នា ក្នុងពេលធ្វើការវិនិច្ឆ័យចំពោះភេរវនិយមនិងទង្វើភេរវកម្ម។ ដូច្នេះ ស្តង់ដាស្ទួនក្នុងបញ្ហាប្រឆាំងភេរវកម្ម បានបណ្តែតបណ្តោយឱ្យមានការរីករាលដាលនៃភេរវនិយម ។

តាមពិតទៅ នៅគ្រាដំបូងដែលអាមេរិកបញ្ជូនទាហា នទៅកាន់អាហ្វហ្កានីស្ថាននិងអ៊ីរ៉ាក់ជាដើម អាមេរិកក៏ប៉ុនប៉ងផ្សារភ្ជាប់ការប្រឆាំងភេរវកម្ម ជាមួយនឹងការអនុវត្តអនុត្តរភាពនិយម និងការធ្វើវិទ្ធង្សនារដ្ឋអំណាចប្រទេសដទៃ។ ដូចនេះ របស់ដែលហៅថា «ប្រឆាំងភេរវកម្ម» ដែលបូករួមទាំងគោលបំណងផ្ទាល់ខ្លួន តាមពិតទៅ បានធ្វើឱ្យការប៉ះទង្គិចនិងភាពច្របូកច្របល់ ក្នុងតំបន់និងប្រទេសពាក់ព័ន្ធមានភាពកាន់តែធ្ងន់ធ្ងរឡើង បានបណ្តាលឱ្យកើតឡើងសកម្មភាពវាយប្រហារ ដោយភេរវកម្មជាបន្តបន្ទាប់។

ប្រព័ន្ធសារព័ត៌មានបរទេសធ្លាប់ធ្លាយឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ដើម្បីសម្រេចបាននូវគោលដៅភូមិសាស្ត្រនយោបាយ របស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា អាមេរិកបានរក្សា «ទំនាក់ទំនងសហប្រតិបតិ្តការ» ជាមួយអង្គការភេរវកម្មដែលមានភាពរស់រវើក នៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់ រហូតដល់ផ្តល់សម្ភារៈនិងជំនួយយោធាដល់អង្គការទាំងនេះ។

ក្រៅពីនេះ ទង្វើដែលមានភាពកាន់តែគ្រោះថ្នាក់មួយទៀតរបស់អាមេរិក គឺលើកទង់ «ប្រឆាំងភេរវកម្ម» ប៉ុន្តែបានបែងចែកប្លុកប្រឆាំងភេរវកម្ម តាមរយៈទស្សនៈលំអៀងខាងមនោគមវិជ្ជា និងគំនិតសង្គ្រាមត្រជាក់ និងប្រើស្តង់ដារពីរ ពោលគឺ «បើមានគំនិតដូចគ្នា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា បើពុំនោះសោត នោះនឹងលះបង់ចោល» ក្នុងន័យគាំពារអនុត្តរភាពបែបអាមេរិក។ ទង្វើបែបនេះ វាមិនខុសអ្វីពីការលើកទឹកចិត្តដល់ភេរវជន ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ កិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្មសកល។

ប៉ុន្មានឆ្នាំកន្លងមក អ្នកនយោបាយអាមេរិក ធ្វើដូចជាមិនឃើញចំពោះឧក្រិដ្ឋកម្មរបស់ភេរវជន ដែលបានសម្លាប់ជនស៊ីវិលឥតទោសពៃរ៍នៅប្រទេសចិន បែរជាមួលបង្កាច់ដោយចេតនាអាក្រក់ទៅលើ វិធានការដ៏សមហេតុផលរបស់រដ្ឋាភិបាលចិន ក្នុងការវាយប្រហារភេរវនិយមនិងជ្រុលនិយម នៅតំបន់ស៊ីនជាំង ដោយយក «សិទិ្ធមនុស្ស» និង «សាសនា» ធ្វើជាលេស។ ការប្រឆាំងភេរវកម្មដែលមានស្តង់ដារពីរ ដើម្បីស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន បានរង្គោះរង្គើដល់មូលដ្ឋានទំនុកចិត្តរបស់បណ្តាប្រទេសនានា ក្នុងកិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្ម និយាយចំពោះការប្រឆាំងភេរវកម្ម នៅស្រុកអាមេរិកវិញ ក៏គ្មានផលប្រយោជន៍អ្វីផងដែរ។

បច្ចុប្បន្ននេះ ប្រឈមនឹងការសាកល្បងយ៉ាងតឹងរឹងពីភេរវនិយមនិងជ្រុលនិយម អាមេរិកចាំបាច់ត្រូវលះបង់ចោលស្តង់ដារពីរ ក្នុងការប្រឆាំងភេរវកម្ម និងទង្វើខុសឆ្គង់ដូច «ដុតស្ពានបន្ទាប់ពីឆ្លងកាត់ទន្លេ» បើពុំនោះសោត អាមេរិកពិតជានឹងទទួលផលវិបាកកាន់តែច្រើន ហើយនឹងបង្ខូចផលប្រយោជន៍ទាំងអ្នកដទៃនិងខ្លួនឯងជាមិនខាន!