(ប៉េកាំង)៖ ថ្មីៗកន្លងទៅនេះ មជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានដាក់ចេញ «ផែនការស្តីពីកំណែទម្រង់ និងការបើកទូលាយក្នុងតំបន់សហប្រតិបត្តិការសេវាកម្មទំនើប រវាងក្រុងហ្សឹនជិននិងក្រុងហុងកុងនៅតំបន់ Qianhai» ហៅកាត់ « ផែនការតំបន់ Qianhai » ដែលបានបង្ហាញឱ្យឃើញថា តំបន់សហប្រតិបត្តិការ Qianhai គឺជាវេទិកាសាកល្បងនៃការធ្វើកំណែទម្រង់ និងការច្នៃប្រឌិតថ្មីដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមហាតំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវ ដើម្បីក្លាយជាមជ្ឈមណ្ឌលសំខាន់ សម្រាប់ការបើកទូលាយកម្រិតខ្ពស់របស់ប្រទេសចិន។

សូមបញ្ជាក់ថា តំបន់ Qianhai ស្ថិតនៅភាគខាងលិចនៃឧបទ្វីប Nanshan ទីក្រុងហ្សឹនជិន ខេត្តក្វាំងតុង ដែលស្ថិតនៅតំបន់ភាគខាងត្បូង របស់ប្រទេសចិន។ យោងតាមផែនការនេះ ទំហំផ្ទៃក្រឡាសរុបនៃតំបន់ Qianhai នឹងពង្រីកពី ១៤.៩២ គីឡូម៉ែត្រក្រឡា ដល់ ១២០.៥៦ គីឡូម៉ែត្រក្រឡា ដែលនឹងជំរុញការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី ក្នុងវិស័យសេវាកម្មទំនើប បង្កើនការកែទម្រង់និងច្នៃប្រឌិតថ្មី នៃយន្តការអភិវឌ្ឍបច្ចេកវិទ្យាបង្កបង្កើត បរិយាកាសពាណិជ្ជកម្មអន្តរជាតិដ៏ឈានមុន ហើយរបៀបគ្រប់គ្រងក្នុងតំបន់ ក៏នឹងមានភាពច្នៃប្រឌិតថ្មីផងដែរ។ ព្រមពេលជាមួយគ្នានេះ តំបន់ Qianhai ក៏នឹងជំរុញការធ្វើពាណិជ្ជកម្មសេវាកម្មជាមួយ ហុងកុងនិងម៉ាកាវ ឱ្យមានភាពកាន់តែស៊ីជម្រៅ លើកកម្ពស់កម្រិតបើកទូលាយនៃវិស័យហិរញ្ញវត្ថុ និងប្រព័ន្ធច្បាប់ ដើម្បីរួមចំណែកក្នុងការជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយគុណភាពខ្ពស់។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី Lam Cheng Yuet-ngor ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានបង្ហាញពីការសាទរចំពោះ ការដែលរដ្ឋាភិបាលមជ្ឈិម បានប្រកាសពី «ផែនការតំបន់ Qianhai» និង «ផែនការតំបន់ Hengqin» ដោយបានរំពឹងថា គ្រប់មជ្ឈដ្ឋាននៅហុងកុង នឹងអាចរួមគ្នាក្តាប់ជាប់កាលានុវត្តភាពនេះយ៉ាងសកម្ម ដើម្បីរួមគ្នាកសាងមហាតំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវ។

លោកស្រីបានបន្ថែមថា បច្ចុប្បន្ន សហគ្រាសហុងកុងដែលបានចុះបញ្ជីក្នុងតំបន់ Qianhai មានចំនួនលើសពី ១១,៥០០សហគ្រាស ភាគច្រើនគឺមុខរបរសេវាកម្មទំនើបដូចជា សេវាហិរញ្ញវត្ថុ សេវាដឹកជញ្ជូនទំនិញ សេវាព័ត៌មានវិទ្យា សេវាបច្ចេកវិទ្យា និងសេវាឯកទេសជាដើម។ «ផែនការតំបន់ Qianhai» នឹងជំរុញសេវាកម្មឯកទេសរបស់ហុងកុង ឱ្យអភិវឌ្ឍយ៉ាងយូរអង្វែងនិងល្អប្រសើរ៕