(ប៉េកាំង)៖ ពិព័រណ៌ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២១ បានបិទបញ្ចប់ហើយ។ ទន្ទឹមនឹងការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ដែលទើបបិទបញ្ចប់មិនជាយូរប៉ុន្មាន និងការប្រកួតកីឡាំអូឡាំពិករដូវរងារក្រុងប៉េកាំងឆ្នាំ២០២២ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ភាពកក់ក្តៅរបស់ប្រជាជនជាច្រើនចំពោះការហាត់ប្រាណ ត្រូវបានបំផុសឡើងថែមមួយកម្រិតទៀត។ ក្នុងពិព័រណ៌ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២១ ប្រធានបទពិសេសអំពីសេវាកម្មកីឡា បានក្លាយជាប្រធានបទមួយ ដែលទទួលបានការយកចិត្តទុកដាក់បំផុត ។

ឆ្លងតាមរយៈការដាក់តាំងបង្ហាញសំណង់មួយចំនួន ដូចជា មជ្ឈមណ្ឌលកីឡាជលជាតិ «គូបទឹក» ពហុកីឡាដ្ឋានជាតិ «សំបុកបក្សី» កីឡាដ្នានជាតិខាងកីឡាជិះស្គីលើទឹកកកចម្ងាយខ្លី និងប៉មកីឡាំអូឡាំពិកនៅកន្លែងដាក់តាំងបង្ហាញ អំពីការប្រកួតកីឡាអូឡាំពិករដូវរងារ និងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងារក្រុងប៉េកាំង ដើម្បីបង្កបង្កើតជាបរិយាកាសសម្រាប់អបអរស្វាគមន៍ ការប្រកួតកីឡាអូឡាំពិក។ ទស្សនិកជនអាចស្វែងយល់យ៉ាងច្បាស់ នូវលទ្ធផលនៃការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិក ដូចជា ការសាងសង់កីឡដ្ឋាននិងដំណើរការ ខាងការប្រកួតកីឡាជាដើម តាមរយៈរបៀបឌីជីថលជាច្រើន ដូចជា អេក្រង់ធំទូលាយនិងការចុចអេក្រង់ដោយស្វ័យប្រវត្តិជាដើម ដែលធ្វើឱ្យបរិយាកាសដ៏ខ្លាំងក្លានៃការប្រកួតកីឡាអូឡាំពិករដូវរងា បានលើកកម្ពស់យ៉ាងខ្លាំងនូវអារម្មណ៍រំពឹងទុករបស់ទស្សនិកជន។

ទន្ទឹមនឹងការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានដំណើរការយ៉ាងរលូន វិញ្ញាសាកីឡារដូវរងាកំពុងទទួលការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ។ បច្ចុប្បន្ននេះ ប្រជាជនចិនមានភាពកក់ក្តៅ ក្នុងនោះ បូករួមទាំងការចាប់អារម្មណ៍និងការចំណាយយ៉ាងខ្លាំង ចំពោះកីឡាលើទឹកកកដោយសារក្រុងប៉េកាំង នឹងរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា បានជាធ្វើឱ្យប្រជាជនចិនចំនួន ៣០០លាននាក់ មានបំណងចូលរួមយ៉ាងសកម្មនូវកីឡាលើទឹកកក ក្នុងបរិបទបែបនេះ កីឡាលើទឹកកកបានក្លាយជាវិធីហាត់ប្រាណ និងបែបផែនជីវភាពរបស់មនុស្សកាន់តែច្រើនឡើងៗ។

ល្គឹកណាដែលមានភាពកក់ក្តៅ និងបំណង់ចង់ចូលរួមព្រឹត្តិការណ៍នេះពីមួយថៃ្ងទៅមួយថៃ្ង ល្គឹកនោះក៏មានកាលានុវត្តភាពក្នុងទីផ្សារជាបន្តបន្ទាប់ផងដែរ។ ក្នុងសាលពិព័រណ៍ ផលិតផលនិងសេវាកម្មនៅទីនេះ បានគ្របដណ្តប់លើគ្រប់វិស័យ ដូចជា កីឡាឆ្លាតវៃ កីឡាខាងបច្ចេកវិទ្យា កីឡាប្រកួតប្រជែងជាដើមដែលបានបញ្ហាញឱ្យឃើញយ៉ាងពេញលេញ នូវនិន្នាការថ្មីនិងបរិបទថ្មីនៃការអភិវឌ្ឍឧស្សាហកម្មសេវាកម្មកីឡាក្នុងយុគសម័យថ្មី ។

សហគ្រាសដ៏ល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសជាច្រើន បានធ្វើឱ្យទស្សនិកជនអាចទស្សនាក្នុងចម្ងាយខ្លី នូវបច្ចេកវិទ្យាផែ្នកព្រិលទឹកកកដ៏ជឿនលឿនបំផុតនិងសមិទ្ធផល ច្នៃប្រឌិតថ្មីយ៉ាងល្អបំផុតនៃឧស្សាហកម្មព្រិលទឹកកកពិភពលោក ព្រមទាំងទទួលអារម្មណ៍ពីភាពរស់រវើក នៃសេដ្ឋកិច្ចព្រិលទឹកកកតាមរយៈរបៀបតាំងបង្ហាញច្រើនបែបយ៉ាង។ ម៉ាស៊ីនប្រឌិតទិដ្ឋភាពរំអិលលើទឹកកកក្នុងបន្ទប់ សម្លៀកបំពាក់សម្រាប់រអិលទឹកកក ដែលមានបច្ចេកវិទ្យាខ្ពស់ និងបន្ទះក្តារសម្រាប់លោតជិះស្គីជាដើម បានធ្វើឱ្យទស្សនិកជនទទួលអារម្មណ៍ពី ភាពសប្បាយរីករាយក្នុងការលើកកម្ពស់ ការដកបទពិសោធន៍ពីកីឡាលើទឹកកកដោយបច្ចេកវិទ្យា។ ជាងនេះទៅទៀត ពន្លារឆ្លាតវៃ បច្ចេកវិទ្យាពិសេសផែ្នកព្រិលទឹកកក និងបច្ចេកវិទ្យាខាងការផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតជាដើម បានបង្ហាញយ៉ាងពេញលេញនូវការស្រមើស្រមៃនៃបច្ចេកវិទ្យាផែ្នកព្រិលទឹកកក ។

ការអភិវឌ្ឍនៃកីឡាណាមួយក៏មិនអាចឃ្លាតពីការកសាង និងបណ្តុះបណ្តាលធនធានមនុស្សបានឡើយ។ ទន្ទឹមនឹងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ កាន់តែខិតជិត ការអភិវឌ្ឍនៃកីឡាលើទឹកកក បានឈានចូលដំណាក់កាលអភិវឌ្ឍ ដោយល្បឿនលឿន ការធ្វើឱ្យបានល្អនូវការអប់រំខាងព្រិលទឹកកកជាប្រព័ន្ធ នឹងនាំមូកនូវការផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត ។ ឆ្លងតាមរយៈការកសាងសាលារៀនពិសេសសម្រាប់កីឡាលើទឹកកក និងសាលាជាគំរូសម្រាប់ផ្សព្វផ្សាយកីឡាអូឡាំពិក បានផ្តល់វិធីសាស្ត្រដ៏ល្អ សម្រាប់បណ្តុះបណ្តាលគ្រូបង្វឹកនិងអាជ្ញាកណ្តាល ហើយក៏បានត្រួសត្រាយផ្លូវបែបថ្មី សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដែលមានកម្រិតខ្ពស់ក្នុងវិញ្ញាសាកីឡាលើទឹកកកផងដែរ ដើម្បីធ្វើឱ្យមនុស្សដែលចូលរួមកីឡាលើទឹកកកនៅប្រទេសចិន មានគុណភាពកាន់តែខ្ពស់និងចំនួនកាន់តែច្រើនថែមទៀត ព្រមនិងអនុវត្តឱ្យបានល្អនូវគោលដៅស្តីពីការជំរុញឱ្យ ប្រជាជនចិនចំនួន ៣០០លាននាក់ ចូលរួមសកម្មភាពកីឡាលើទឹកកកយ៉ាងសកម្ម។

នៅឆ្នាំ២០២០ ពិតមែនតែការរីករាលដាលនៃជំងឺកូវីដ១៩ បាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោកក៏ដោយ ក៏ប៉ុន្តែប្រទេសចិនបានគ្រប់គ្រង ការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុកមុនគេបង្អស់ ព្រមទាំងសម្រេចបាននូវការស្តារឡើងវិញខាងសេដ្ឋកិច្ច ដែលបានបង្កើតជាល័ក្ខខ័ណ្ឌមានអំណោយផលដល់ ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយរលូន ហើយការងារត្រៀមរៀបចំគ្រប់ផ្នែកនៃការប្រកួតកីឡាអូឡាំពិក អាចដំណើរការដោយមានរបៀបរៀបរយផងដែរ។

ការសាងសង់កីឡដ្ឋាននៃការប្រកួតកីឡាអូឡាំពិករដូវរងា បាននិងកំពុងប្រកាន់ខ្ជាប់នូវទស្សនៈស្តីពី ការរៀបចំការប្រកួតកីឡាអូឡាំពិកប្រកបដោយ «ភាពបៃតង កាបូនទាបនិងនិរន្តរភាព»។ បន្ទាប់ពីក្រុងប៉េកាំងបានរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាអស់រយៈពេល ៦ឆ្នាំមក ក្រោមកិច្ចខិតខំប្រឹងប្រែងនិងជំនួយយ៉ាងសន្ធឹកសន្ធាប់ ពីគ្រប់ភាគីទាំងអស់និងគ្រប់ទីកន្លែងទូទាំងប្រទេសចិន កិច្ចកសាងគ្រប់ផែ្នកត្រូវបានជំរុញយ៉ាងប្រាកដប្រជានិងប្រកបដោយប្រសិទ្ធភាព ។ ជាពិសេស ទាក់ទិននឹងបញ្ហាបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គណៈកម្មាធិការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានផ្តោតសំខាន់លើការបង្ការនិងគ្រប់គ្រងជំងឺឆ្លងផង អនុវត្តឱ្យបានល្អនូវការងារត្រៀមរៀបចំគ្រប់ផ្នែក នៃការប្រកួតកីឡាអូឡាំពិកផង ភារកិច្ចគ្រប់ផ្នែកត្រូវបានជំរុញឱ្យដំណើការតាមពេលកំណត់។

គួររំលឹកថា នៅចុងឆ្នាំ២០២០ កីឡាដ្ឋាននៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងចំនួន១២កន្លែងទាំងអស់ ត្រូវបានសាងសង់រួចតាមពេលកំណត់ កិច្ចកសាងហេដ្ឋារចនាសម័្ពន្ធពាក់ព័ន្ធ ក៏បានសម្រេចទាំងស្រុងរួចហើយផងដែរ។ ក្រៅពីនេះ នៅដើមឆ្នាំ២០២១ ភូមិអូឡាំពិកនិងមជ្ឈមណ្ឌលសារព័ត៌មាន នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ត្រូវបានប្រគល់ទៅឱ្យ គណៈកម្មាធិការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង តាមពេលកំណត់ផងដែរ។ ដោយឡែកក្នុងដំណើរការកែច្នៃ និងសាងសង់កីឡាដ្ឋាននិងរចនារូបភាពរបស់ការប្រកួត សុទ្ធតែបានបន្ថែមនូវលក្ខណៈពិសេសរបស់ប្រទេសចិន ដែលគួរឱ្យទាក់ទាញក្រសែចក្ខុរបស់មនុស្ស។ មជ្ឈមណ្ឌលជាតិកីឡាលោតជិះស្គី មជ្ឈមណ្ឌលជាតិកីឡាជិះស្គី និងមជ្ឈមណ្ឌលជាតិកីឡាបីយ៉ាត្លុងរដូវរងា បានតភ្ជាប់គ្នាដោយស្ពានអាកាស បានបង្ហាញឱ្យឃើញនូវភាពល្អផូរផង នៃវប្បធម៌ប្រពៃណីចិន ក្រៅពីនេះ រូបសញ្ញាកីឡាចំនួន៣០ នៃការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង បានធ្វើតាមរយៈរូបភាពចម្លាក់ត្រាប្រពៃណីចិន ដែលបានរួមបញ្ចូលពីរូបភាពនិងស្មារតីរបស់កីឡាលើទឹកកក ក៏ដូចជាកម្លាំងនិងភាពស្រស់ប្រិមប្រិយរបស់វប្បធម៌ប្រជាជាតិចិន។ល។

ជាមួយគ្នានេះ អត្តពលិកចិនកំពុងត្រៀមខ្លួនលំហាត់ហ្វឹកហ្វឺនយ៉ាងសកម្ម ពុះពារឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពី ការរីករាលដាលនៃជំងឺឆ្លងក្នុងន័យខិតខំទទួលបាន លទ្ធផលល្អក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

រយៈពេលប៉ុន្មានខែទៀត ទីក្រុងប៉េកាំងនឹងបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រកីឡាពិភពលោក ដែលក្លាយជាទីក្រុងដំបូងបង្អស់នៅទូទាំងពិភពលោក ដែលបានរៀបចំទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅនិងការប្រកួតកីឡាអូឡាំពិករដូវរងា។ ជឿជាក់ថា ក្រោមការណែនាំនៃស្មារតីប្រកបដោយសន្តិភាព សាមគ្គីភាពនិងមិត្តភាព ការប្រកួតកីឡាំអូឡាំពិករដូវរងារក្រុងប៉េកាំងឆ្នាំ ២០២២ នឹងក្លាយជាកាលានុវត្តភាពសម្រាប់ប្រមូលផ្តុំពិភពលោកទាំងមូល។

នាពេលបច្ចុប្បន្ននេះ ការងារត្រៀមរៀបចំទាំងអស់បាននិងកំពុងដំណើរការទៅមុខ យ៉ាងប្រាកដប្រជានិងប្រកបដោយភាពរលូន តាមគោលដៅកំណត់ជាស្រេច ។ ពួកយើងអាចប្រកាសដោយមោទនភាពទៅកាន់ពិភពលោកថា រដ្ឋាភិបាលចិនមានជំនឿចិត្ត និងសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំឱ្យបានល្អ នូវការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ប្រកបដោយ «ភាពបៃតង សុវត្ថិភាពនិងភាពទាក់ទាញ»។ ពួកយើងបានត្រៀមខ្លួនឱ្យបានល្អហើយ!