(ម៉ូស្គូ)៖ ក្រសួងការពារជាតិបេឡារុសនៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថារុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំង Su-30 ជាច្រើនគ្រឿងមកកាន់ភាគខាងលិចនៃប្រទេស បេឡារុស ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធា និងប្រតិបត្តិការល្បាតតំបន់ព្រំដែនរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់ក្រសួងការពារជាតិបេឡារុស ធ្វើឡើងតែ ២ថ្ងៃប៉ុណ្ណោះ មុននឹងរុស្ស៊ី និងបេឡារុសធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលកំពុងបង្កការព្រួយបារម្ភ នៅក្នុងចំណោមប្រទេសជាសមាជិកបក្សសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុប។ បេឡារុស និងបណ្ដាប្រទេសលោកខាងលិច កំពុងមានភាពតានតឹងគ្នាយ៉ាងខ្លាំង បន្ទាប់ពីលោកប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ដ័រ លូកាសឈិនកូ (Alexander Lukashenko) បង្ក្រាបលើក្រុមអ្នកប្រឆាំងនឹងរូបលោកកាលពីឆ្នាំ២០២០ មកម្លេះ។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបេឡារុសជាបន្តបន្ទាប់ ប៉ុន្តែព្រមពេលជាមួយគ្នាទណ្ឌកម្មនេះក៏កាន់តែធ្វើឱ្យទំនាក់ទំនងរវាងបេឡារុស និងរុស្ស៊ី កាន់ស្អិតរមួតនឹងគ្នាផងដែរ។

គួរបញ្ជាក់ថា លោក Lukashenko គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ កាលពីដើមខែកញ្ញា នេះដែរ លោក Lukashenko បានអះអាងថារុស្ស៊ីនឹងបញ្ជូនបរិក្ខាយោធាយ៉ាងសម្បើមក្នុងនោះរួមមាន យន្ដហោះចម្បាំង, ឧទ្ធម្ភាគចក្រ និងប្រព័ន្ធមីស៊ីលការពារដែន អាកាសជាដើមមកកាន់បេឡារុស។

អគ្គលេខាធិការបក្សសម្ព័ន្ធយោធា NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) កាលពីសប្ដាហ៍មុនបានជំរុញឱ្យរុស្ស៊ីមានតម្លាភាពក្នុងការដឹកនាំការធ្វើ សមយុទ្ធយោធា «Zapad-2021» ជាមួយបេឡារុស ខណៈប្រទេសប៉ូឡូញព្រមានថាសមយុទ្ធយោធានេះនឹងដុតបញ្ឆេះភាពតានតឹងដែលមានស្រាប់រវាងរុស្ស៊ី និង NATO៕