(ស្កុបជេ)៖ មនុស្សយ៉ាងហោច១០នាក់ បានបាត់បង់ជិវិត នៅពេលគ្រោះអគ្គីភ័យ បានកើតឡើងនៅមន្ទីរពេទ្យបណ្តោះអាសន្នមួយកន្លែង សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងក្រុងតេតូវ៉ូ (Tetovo) នៃប្រទេសម៉ាសេដ្វានខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលម៉ាសេដ្វានខាងជើង លោក វែនកូ ហ្វីលីពសេ (Venko Filipce) បានបង្ហោះសារលើប្រព័ន្ធ Twitter កាលពីថ្ងៃពុធសប្តាហ៍នេះ យ៉ាងដូច្នេះថា «មនុស្ស១០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងគ្រោះអគ្គីភ័យ ប៉ុន្តែតួលេខអាចកើនឡើងទៀត។ នេះជាថ្ងៃដ៏សោកសៅមួយ»

បើតាមអាជ្ញាធរម៉ាសេដ្វានខាងជើង វាមិនច្បាស់នោះទេថា មានអ្នកជំងឺប៉ុន្មាននាក់ស្ថិតក្នុងមន្ទីរពេទ្យ នៅពេលដែលគ្រោះអគ្គីភ័យ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៩យប់ ថ្ងៃពុធម្សិលមិញ។ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ បានពន្លត់ការឆាបឆេះនោះទៅវិញ នៅប៉ុន្មានម៉ោងក្រោយ។

គួរបញ្ជាក់ថា ករណីឆ្លង COVID-19 បាននិងកំពុងមានការកើនឡើង នៅក្នុងប្រទេសម៉ាសេដ្វានខាងជើង ចាប់តាំងពីពាក់កណ្តាលខែសីហាមក ដែលជំរុញឲ្យរដ្ឋាភិបាលប្រទេសនេះ ដាក់ចេញនូវវិធានការរឹតត្បិតផ្សេងៗ ដូចជាការបង្ហាញលិខិតបញ្ជាក់សុខភាព ដើម្បីអាចចូលទៅកាន់ ទីកន្លែងសាធារណៈមួយចំនួន។

សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ អាជ្ញាធរសុខាភិបាលម៉ាសេដ្វានខាងជើង បានប្រកាសរកឃើញករណីឆ្លងថ្មីៗ ៧០១នាក់ និងស្លាប់២៤នាក់ ខណៈប្រទេសនេះមានប្រជាជនត្រឹម ២លាននាក់ប៉ុណ្ណោះ៕