(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាខ្លួនកំពុងរៀបចំផែនការអំពីរបៀបរស់នៅធម្មតាជាមួយជំងឺ COVID-19 ជាមួយការរំពឹងថាប្រជាជន ពេញវ័យប្រហែល ៨០ភាគរយរបស់ខ្លួន នឹងទទួលបានការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) នៅចុងខែតុលាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោក សុន យ៉ុង រ៉េ (Son Young-rae) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា «យើងនឹងពិនិត្យ មើលឡើងវិញនូវវិធានការដែលអនុញ្ញាតឱ្យយើងរស់នៅបានជាធម្មតាជាមួយជំងឺ COVID-19។ ប៉ុន្តែការផ្លាស់ប្តូរទាំងនេះនឹងត្រូវអនុវត្តនៅពេលដែលយើងទទួលបាន អត្រាចាក់វ៉ាក់សាំងខ្ពស់ ហើយស្ថានភាពទូទៅនៃជំងឺ COVID-19 មានស្ថិរភាព»

លោក Son Young-rae បានគូសបញ្ជាក់ប្រាប់បន្ថែមថា យុទ្ធសាស្ត្រនេះ នឹងត្រូវអនុវត្តជាដំណាក់កាល ដើម្បីបន្ធូរបន្ថយវិធានការរឹតត្បឹតបន្តិចម្តងៗ។ រីឯការពាក់ម៉ាស់ នៅតែត្រូវបានទាមទារយ៉ាងហោចណាស់នៅដំណាក់កាលដំបូង។

រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថា នឹងអនុវត្តផែនការនេះបន្ទាប់ពីខែតុលាខាងមុខនេះ នៅពេលដែលប្រជាជនពេញវ័យប្រហែល ៨០ភាគរយទំនងជាត្រូវបានទទួល ការចាក់វ៉ាក់សាំងពេញលេញ។ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ប្រជាជនពេញវ័យប្រហែល ៧០.៩ភាគរយនៅប្រទេសកូរ៉េខាងត្បូងបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈ ៤២.៦ភាគរយទៀតបានទទួលការចាក់វ៉ាក់សាំងពេញលេញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៦៥,៤២៣ករណី ក្នុងនោះមានអ្នកស្លាប់ ២,៣៣៤នាក់ និងអ្នកជាសះស្បើយ ២៣៧,២៨៦នាក់៕