(ម៉ូស្គូ)៖ រដ្ឋមន្រ្តីរុស្ស៉ីម្នាក់ ដែលធ្លាប់បម្រើការនៅផ្នែកសន្តិសុខរបស់ប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន បានស្លាប់នៅឯតំបន់ទឹកកកអាក់ទិក (Arctic) នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈព្យាយាមជួយសង្គ្រោះជីវិតអ្នកដឹកនាំរឿងម្នាក់ដែលបានរអិលធ្លាក់ចូលក្នុងទឹកទន្លេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

លោក យេវហ្គេនី ហ្ស៊ីនីឆេវ (Yevgeny Zinichev) មានអាយុ ៥៥ឆ្នាំដែលជាមនុស្សជំនិតម្នាក់របស់លោក ពូទីន និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្រ្គោះបន្ទាន់រុស្ស៊ី តាំងពីឆ្នាំ២០១៨ បានស្ថិតនៅទីក្រុងណូរីល (Norilsk) ជាទីក្រុងដាច់ស្រយាលមួយ ដើម្បីត្រួតពិនិត្យការធ្វើសមយុទ្ធហ្វឹកហាត់ទ្រង់ទ្រាយធំនៅក្នុងតំបន់។

ក្រោយទទួលបានដំណឹងមរណភាពរបស់លោក Zinichev លោក ពូទីន បាននិយាយនៅក្នុងសាររំលែកទុក្ខចេញផ្សាយដោយវិមានក្រឹមឡាំង (Kremlin) ថា «វាគឺជា ការបាត់បង់មួយ មិនអាចកាត់ថ្លៃបានសម្រាប់រូបខ្ញុំ។ យើងបានធ្វើការជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយ»។

គួរបញ្ជាក់ថា បើតាមក្រសួងទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់ លោក Yevgeny Zinichev បានស្លាប់ ខណៈកំពុងព្យាយាមជួយសង្គ្រោះផលិតករភាពយន្តម្នាក់ គឺលោក អាឡិចហ្សាន់ដ័រ មែលនីគ (Alexander Melnik) ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Norilsk ដើម្បីផលិតភាពយន្តឯកសារអំពីតំបន់ទឹកកកអាក់ទិក។ លោក Melnik បានរអិលធ្លាក់ចូលទៅក្នុងទឹកទន្លេ រីឯលោក Yevgeny Zinichev បានព្យាយាមចាប់គាត់ និងបានលោតចូលទៅតាមគាត់ ប៉ុន្តែជាអកុសលពួកគេទាំងពីរបានស្លាប់ បន្ទាប់ពីធ្លាក់ពីលើច្រាំងថ្មចោទដ៏ខ្ពស់មួយចូលទៅក្នុងទន្លេភ្នំ៕