(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ (Yonhap) បានរាយការណ៍ថាកូរ៉េខាងជើងទំនងជាបានធ្វើព្យុហយាត្រាយោធាមួយ កាលពីយប់ឈានចូលថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីយោធាម្នាក់ ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប៉ុន្តែ ភ្លាមៗ ខាងក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ហើយក៏មិនទាន់មានការបញ្ជាក់ថាតើលោក គីម ជុងអ៊ុនបានចូលរួម ក្នុងព្យុហយាត្រានេះ ឬក៏ថាតើកូរ៉េខាងជើងបានបង្ហាញអាវុធប្រភេទថ្មីដែរ ឬក៏យ៉ាងណានោះដែរ។

គួរបញ្ជាក់ថា ថ្ងៃព្រហស្បតិ៍នេះគឺជាខួបលើកទី៧៣ នៃការបង្កើតប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងបានធ្វើព្យុហយាត្រាចុងក្រោយបំផុត កាលពីខែមករា ឆ្នាំ២០២១កន្លងទៅនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងលោក ចូ បៃដិនស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ដោយបានបញ្ចេញប្រភេទមីស៊ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹកស៊េរីថ្មីមួយ៕