(ណៃពិដោ)៖ សាក្សីនិងសេចក្តីរាយការណ៍នាថ្ងៃពុធនេះ បានអះអាងថា ក្រុមបាតុករបានបំផ្លាញបង្គោលទូរគមនាគមន៍ជាច្រើនកន្លែង ដែលជាកម្មសិទ្ធរបស់យោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ទើបតែបានប្រកាសកៀរគរកម្លាំង ដើម្បីប្រឆាំងរបបយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមបាតុករបាននិយាយថា ពួកគេបានបំផ្លាញបង្គោលសេវាទូរស័ព្ទចំនួន១១កន្លែង របស់ក្រុមហ៊ុនទូរគមនាគមន៍ Mytel ដែលស្ថិតក្រោមកម្មសិទ្ធយោធា នៅក្រុង Budalin នៃតំបន់ Sagaing ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ ក្រុមបាតុករបានបញ្ជាក់ថា ចេតនារបស់ពួកគេគឺ បំផ្លិចបំផ្លាញជំនូញនានារបស់យោធា ព្រោះជំនូញទាំងនេះហើយ ដែលជួយយោធារក្សាអំណាច។ ហេតុដូច្នេះពួកគេ ត្រូវតែកម្ទេចពួកវា។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងតែពីយោធា បានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោង សាន ស៊ូ ជី ហើយឡើងគ្រប់គ្រងអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ចាប់ពីពេលនោះមក សកម្មភាពបាតុកម្មក៏បានផ្ទុះឡើង អមជាមួយការបង្រ្កាបយ៉ាងចាស់ដៃពីយោធា ហើយការប៉ះទង្គិចគ្នាជាថ្មីជាមួយក្រុមសកម្មប្រយុទ្ធ នៅតាមព្រំដែន ក៏បានកើតមានឡើងវិញដែរ។ យោងតាមក្រុមអ្នកសង្កេតការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ជនស៉ីវិលច្រើនជាង១,០០០នាក់ហើយ ត្រូវបានសម្លាប់ និងជិត៨,០០០នាក់ ត្រូវបានចាប់ខ្លួន៕