(ម៉ុមបៃ)៖ អាជ្ញាធរឥណ្ឌាកំពុងរឹតត្បឹត លើការប្រារព្ធពិធីបុណ្យសាសនាធំៗ ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះ ហើយអាចទាក់ទាញក្រុមមនុស្សម្នាកជាច្រើនមកចូលរួម ដោយអាជ្ញាធរព្រមានថា រលកថ្មីនៃការឆ្លងរាតត្បាតជំងឺ COVID-19 បានចាប់ផ្ដើមរួចទៅហើយនៅក្នុងទីក្រុងម៉ុមបៃ (Mumbai) នៃរដ្ឋមហារ៉ាស្រ្តា (Maharashtra) ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

អភិបាលទីក្រុង ម៉ុមបៃ (Mumbai) លោក គីសូរី ផេដណេកា (Kishori Pednekar) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារម្សិលមិញនេះថា «រលកទី ៣ មិនមែនកំពុងជិតមកដល់នោះទេ ប៉ុន្តែវាមកដល់រួចទៅហើយ»

បន្ថែមពីនេះ លោក អ៊ូដដាវ ថាកឺរ៉េយ (Uddhav Thackeray) អភិបាលរដ្ឋ Maharashtra ដែលមានទីក្រុង Mumbai ជារដ្ឋធានីបានគូសបញ្ជាក់ប្រាប់បន្ថែមថា «យើងអាចប្រារព្ធពិធីបុណ្យនៅពេលក្រោយៗទៀត។ សូមឱ្យយើងគិតគូដល់អាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋយើងជាមុនសិន»។ លោកអភិបាលថ្លែងបែបនេះ គឺសំដៅទៅលើពិធីបុណ្យសាសនាហិណ្ឌូដ៏ធំមួយ (Hindu Ganesh Chaturthi) ដែលនឹងត្រូវប្រារព្ធឡើងរយៈពេល ១១ថ្ងៃ ចាប់ផ្តើមនៅថ្ងៃសុក្រសប្ដាហ៍នេះតទៅ។

គួរបញ្ជាក់ថា រលកនៃការឆ្លងរាតត្បាតជំងឺ COVID-19 ចុងក្រោយ បានគ្របដណ្តប់លើមន្ទីរពេទ្យទូទាំងប្រទេសឥណ្ឌា។ វាបានកើតឡើង បន្ទាប់ពីការប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក គឺពិធីបុណ្យ គុម មេឡា (Kumbh Mela) ដែលមនុស្សប្រមាណ ២៥លាននាក់បានចូលរួម។

ប៉ុន្មានខែចុងក្រោយនេះ បណ្តាមន្ទីរពេទ្យឥណ្ឌាបានប្រឹងប្រែងបន្ថែមចំនួនគ្រែអ្នកជំងឺ ហើយបង្កើនធនធានឧស្ម័នអុកស៉ីសែន ដែលសុទ្ធតែជាបញ្ហាធ្លាប់ជួបប្រទះ កាលពីពេលកន្លងមក។ ចំណែកថ្នាំសម្រាប់ជួយប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដូចជា រ៉េមដេស៊ីវា (Remdesivir) ក៏កំពុងត្រូវបង្កើនការស្តុកទុកផងដែរ។

ឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើង នៃករណីឆ្លងក្នុងរលកថ្មីទី ៣ កំលុងរដូវបុណ្យទានចាប់ពីខែកញ្ញានេះ រហូតដល់ថ្ងៃវិច្ឆិកាខាងមុខ។ យ៉ាងណាក្តី មន្ទីរពេទ្យនានាក្នុងប្រទេសឥណ្ឌា បានរៀននូវបទពិសោធន៍ជូរចត់ កំលុងរលកឆ្លងរាតត្បាតទី ២ ដែលបានកើតឡើងកាលពីខែមេសា-ឧសភា កន្លងទៅ។

គិតត្រឹមថ្ងៃពុធនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបជាង ៣៣លានករណី ក្នុងនោះស្លាប់ ៤៤១,៤៤៣នាក់ និងជាសះស្បើយវិញជាង ៣២លាននាក់។ គិតត្រឹមដើមសប្តាហ៍នេះ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៧០០លានដូសហើយ ដោយក្នុងនោះប្រជាជន ១៦៤លាននាក់ ឬស្មើនឹង ១២% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕