(តូក្យូ)៖ ទីបំផុតអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទំនាក់ទំនងជប៉ុន លោកស្រី សាណេ តាកាអ៊ីជិ (Sanae Takaichi) ដែលមានវ័យ ៦០ឆ្នាំ បានប្រកាសជាផ្លូវការហើយពីការសម្រេចចិត្ត ក្នុងការចូលរួមឈរឈ្មោះសម្រាប់តំណែង ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីដំបូងគេបំផុតរបស់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ការសម្រេចដោយលោកស្រី Sanae Takaichi នៅពេលនេះ ត្រូវបានសារព័ត៌មានជប៉ុនបង្ហើបឲ្យដឹងថា លោកស្រីបានទទួលការជំរុញពី អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ហើយមានគោលនយោបាយប្រឆាំងនឹងការ គំរាមកំហែងផ្នែកបច្ចេកវិទ្យារបស់ចិន និងស្ដារសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញវិបត្តិ COVID-19។

គួរបញ្ជាក់ថា គណបក្សកាន់អំណាចរបស់ជប៉ុន គឺគណបក្សសេរីប្រជាធិបតេយ្យ (LDP) គ្រោងនឹងរៀបចំការបោះឆ្នោត ជ្រើសរើសមេដឹកនាំគណបក្សរបស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញានេះ បន្ទាប់ពីនាយកដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) សម្រេចចិត្តលាលែងចេញពីតំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ អ្នកដែលឈ្នះនៅ ក្នុងការបោះឆ្នោតនេះនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។

ដូច្នេះនៅពេលនេះ បេក្ខជនពីររូបហើយបានប្រកាសជាផ្លូវការ អំពីការចូលរួមឈរឈ្មោះ ដើម្បីចាប់យកតំណែងជាប្រធានគណបក្ស LDP ដោយទី ១ គឺអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) និងទី ២ គឺលោកស្រី Sanae Takaichi។ ដោយឡែក រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំង COVID-19 លោក តារ៉ូ កូណុ (Taro Kono) ត្រូវបានគេរំពឹងថា នឹងប្រកាសអំពីការសម្រេចចិត្តរបស់លោក នៅចុងសប្តាហ៍នេះ៕