(ប៉េកាំង)៖ កាលពីថ្ងៃទី ៧ ខែកញ្ញា នៅក្រុងប៉េកាំង លោក Han Zheng សមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាឧបនាយករដ្ឋមន្រ្តីចិន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Alok Sherma ប្រធានជាប់ឆ្នោតនៃកិច្ចប្រជុំ Glasgow ស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ (UN) ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ។

ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានរំពឹងថា មហាសន្និបាតនៃប្រទេសហត្ថលេខី «អនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ» លើកទី ២៦ អាចបញ្ចេញសញ្ញានយោបាយដ៏ខ្លាំងក្លា ដើម្បីគាំពារពហុភាគីនិយមយ៉ាងមុតមាំ គោរពក្រមពហុភាគី និងជំរុញប្រតិបត្តិការអាកាសធាតុ ផ្តួចផ្តើមយ៉ាងសកម្មឱ្យបណ្តាភាគីនានា ប្រែក្លាយគោលដៅអាកាសធាតុ ឱ្យទៅជាគោលនយោបាយ និងការអនុវត្តជាក់ស្តែង បញ្ចប់ការចរចាអំពីខ្លឹមសារលម្អិតនៃការអនុវត្ត «កិច្ចព្រមព្រៀងក្រុងប៉ារីស» សំដៅធានាដល់អភិបាលកិច្ចអាកាសធាតុជាសកល អាចបន្តវិវឌ្ឍទៅមុខតាមផ្លូវដ៏ត្រឹមត្រូវ ដែលប្រកបដោយភាពបើកចំហ តម្លាភាព និងមានការចូលរួមយ៉ាងទូលំទូលាយ ក្រោមការជំរុញរបស់គ្រប់ភាគីហត្ថលេខី ដែលបានឈានដល់គំនិតឯកភាពរួមក្នុងការពិគ្រោះពិភាក្សា។

ជាការឆ្លើយតប លោក Alok Sherma បានថ្លែងថា លោកសង្ឃឹមអាចរួមជាមួយភាគីចិន ដើម្បីពង្រឹងនិងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើ វិស័យសហហិរញ្ញប្បទានផ្នែកអាកាសធាតុ ថាមពល និងការជួញដូរកាបូនជាដើម ហើយរីករាយបង្កើនកិច្ចសន្ទនា និងកិច្ចសម្របសម្រួលជាមួយភាគីចិន ដើម្បីខិតខំធ្វើឱ្យកិច្ចប្រជុំទាំងពីរនៃភាគីហត្ថលេខី ទទួលបានសមិទ្ធផលដ៏វិជ្ជមាន៕