(ប៉េកាំង)៖ ថ្ងៃទី៧ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២១ ដែលបានដំណើរការអស់រយៈពេល ៦ថ្ងៃ បានបិទបញ្ចប់នៅក្រុងប៉េកាំងប្រទេសចិន។ យោងស្ថិតិជំហានដំបូងបានឲ្យដឹងថា គិតរហូតដល់ម៉ោង ៤៖០០នាទី រសៀលថ្ងៃដដែល ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈពោលគឺ ១៦៧២ច្បាប់ ហើយទំហំពាណិជ្ជកម្មលើកនេះក៏មានការកើនទ្បើងបើធៀបឆ្នាំមុនផងដែរ អាចនិយាយបានថា ពិព័រណ៍លើកនេះទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់មិននឹកស្មាន។

ក្នុងនាមជាពិព័រណ៍ចម្រុះលើវិស័យពាណិជ្ជកម្មសេវាកម្ម ដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មបានផ្តល់ឱកាសអភិវឌ្ឍន៍ កម្រមាននាពេលបច្ចុប្បន្នដល់សហគ្រាសនៅលើពិភពលោក។ ក្នុងសាលពិព័រណ៍ បានតាំងបង្ហាញឱ្យឃើញស្នាដៃលើគ្រប់វិស័យ ហើយបានបង្ហាញឱ្យឃើញនូវកម្លាំងទាក់ទាញ និងអនាគតទូលំទូលាយនៃពាណិជ្ជកម្មសេវាកម្ម ដូចជាវិស័យសេវាកម្មឌីជីថល ទេចរណ៍វប្បធម៌ ការអប់រំ បច្ចេកវិទ្យា ហិរញ្ញវត្ថុនិងសុខាភិបាលជាដើម ក៏ដូចជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរស់រវើក និងសក្តានុពលរបស់ទីផ្សារចិនផងដែរ។

ឆ្នាំ២០២០ ដោយបានរងការវាយប្រហារពីការរីករាលដាលនៃជំងឺកូវីដ១៩ បានជាទំហំពាណិជ្ជកម្មសេវាកម្មសកលបានបង្រួញតូច ១ភាគ៥ រីឯសេវាកម្មឌីជីថលបែរជាបានកើនឡើង ដោយបានផ្ទុយពីនិន្នាការទូទៅ ហើយនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មនៅពេលអនាគត។ ដូចនេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មឆ្នាំនេះ បានក្តាប់ជាប់ពាក្យគន្លឺ៖ “ឌីជីថល” ហើយបានរៀបចំការតាំងពិព័រណ៍ពិសេស អំពីសេវាកម្មឌីជីថលជាលើកដំបូង ដើម្បីត្រួសត្រាយកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍ។

តាមពិតទៅ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានបន្តធ្វើឱ្យការរៀបចំពិព័រណ៌នៅកន្លែងផ្ទាល់ និងតាមអនឡាញដោយស៊ីសង្វាក់គ្នាមានសុក្រឹតភាព ដូចនេះពិព័រណ៍លើកនេះក៏ជាការអនុវត្តជាក់ស្តែងមួយ នៃសេវាកម្មឌីជីថលដែរ។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានរៀបចំឡើងនៅកន្លែងផ្ទាល់ និងតាមអនឡាញដោយប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាឌីជីថល បានជួយសហគ្រាត្រួសត្រាយឱកាសពាណិជ្ជកម្ម និងពុះពារឥទ្ធិពលពីការរាតត្បាតនៃជំងឺកូវីដ១៩ ប្រការនេះ បានបង្ហាញឱ្យឃើញយ៉ាងពេញលេញ នូវសក្តានុពលដ៏ធំធេងនៃឌីជីថលភាវូបនីយកម្ម និងភាពវៃឆ្លាតនៃសេដ្ឋកិច្ច។

ក្រៅពីនេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មក៏ជាវេទិកាបើកចំហ និងមានបរិយាប័ន្ន ក្នុងន័យខិតខំប្រឹងប្រែងជួយប្រទេសកំពុងអភិវឌ្ឍន៍ ស្វែងរកឱកាសពាណិជ្ជកម្ម ដើម្បីបន្ធូរបន្ថយអតុល្យភាព ក្នុងការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានទាក់ទាញសហគ្រាស នៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៅចូលរួម ដូចជាប្រទេសហ្វីលីពីន អេស្តូនី កម្ពុជា និងអាស៊ែបៃហ្សង់ជាដើម។ ភាគីរៀបចំពិព័រណ៍ក៏បានជួយប្រទេសជាច្រើន រៀបចំសកម្មភាពពិសេស ដើម្បីធ្វើបទបង្ហាញ និងផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួន។

ពិតមែនតែពិព័រណ៍ពាណិជ្ជកម្មសេវាកម្មនៅកន្លែងផ្ទាល់ បានបិទបញ្ចប់ហើយ ប៉ុន្តែពិព័រណ៍នេះនឹងបន្តរៀបចំតាមអនឡាញតទៅទៀត នេះគឺដោយសារអ្វីដែលប្រទេសចិនចង់បង្កើតនោះគឺ «ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម ដែលមិនបិទបញ្ចប់ជារៀងរហូត»។ ដូចនេះដែរ ការពង្រីកការបើកទូលាយជាបន្តបន្ទាប់របស់ចិន ក៏មិនបិទបញ្ចប់ផងដែរ ទស្សនៈស្តីពីសម្រេចបាននូវកិច្ចសហប្រតិបតិ្តការ និងឈ្នះ-ឈ្នះជាមួយដៃគូនៅលើពិភពលោកទាំងមូល ក៏មិនបញ្ឈប់ដែរ។ ប្រទេសចិនដែលបាននិងកំពុងប្រកាន់ខ្ជាប់ គោលនយោបាយបែបនេះ ធ្វើឱ្យពិភពលោកមានការរំពឹងទុកនិងជឿទុកចិត្ត ៕ (#CCFR Comment#)