(ស៉ីដនី)៖ រដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) ប្រទេសអូស្រ្តាលី នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៤៨០ករណីបន្ថែមទៀត ដែលកើនឡើងពី ១,២២០ករណីកាលពីមួយថ្ងៃមុន ខណៈរដ្ឋវិចតូរៀ (Victoria) បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ២២១ករណីដែលធ្លាក់ចុះពី ២៤៦ករណីកាលពីមួយថ្ងៃមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រទេសអូស្រ្តាលី បានដាក់ចេញនូវវិធានការបិទខ្ទប់ទីក្រុងស៊ីដនី (Sydney) រដ្ឋ New South Wales និងទីក្រុងមែលប៊ន (Melbourne) រដ្ឋ Victoria ដែលជាទីក្រុងដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីការផ្ទុះឡើងនូវការឆ្លងរីករាលដាលយ៉ាងខ្លាំងនៃវីរុសបំប្លែងខ្លួន Delta កាលពីខែមិថុនាកន្លងទៅនេះ។

ប៉ុន្តែនាពេលឥឡូវ អូស្រ្តាលី មានបំណងរស់នៅជាមួយវីរុសដ៏កាចសាហាវនេះជាជាងកំចាត់វាទាំងស្រុង នៅពេលដែលប្រទេសនេះ សម្រេចបាននូវការចាក់វ៉ាក់សាំងប្រហែល ៧០ភាគរយនៃប្រជាជនពេញវ័យសរុប ២០.៦លាននាក់ ជាគោលដៅដែលត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅដើមខែវិច្ឆិកា ខាងមុខនេះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រជាជនប្រហែល ៣ភាគ៤ដែលមានអាយុលើសពី១៦ឆ្នាំ នៅរដ្ឋ New South Wales ប្រទេសអូស្រ្តាលី បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈប្រទេសនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៦៦,៣០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១,០០០នាក់ និងអ្នកជាសះស្បើយជាង ៣៥,៣០០នាក់៕