(វៀងចន្ទន៍)៖ បណ្តាក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសឡាវ នាពេលនេះ កំពុងត្រៀមចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនូវ ឱសថបុរាណ សម្រាប់ជួយព្យាបាល COVID-19 ក្នុងទម្រង់ជាថ្នាំគ្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

លោក Rattanaxay Phetsouvanh អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឆ្លង ចំណុះក្រសួងសុខាភិបាលឡាវ បានថ្លែងក្នុងសន្និសីទកាសែត មួយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា វិទ្យាស្ថានឯកទេសឱសថបុរាណ ITM នៃប្រទេសឡាវ បានសម្រេចការសិក្សាស្រាវជ្រាវលើដំណើរការនៃ ការយកឱសថបុរាណផលិតទៅជាថ្នាំគ្រាប់ ដើម្បីប្រើប្រាស់ក្នុងការជួយព្យាបាលអ្នកជំងឺ COVID-19។

អ្នកជំងឺ COVID-19 ជាច្រើននាក់នៅក្នុងប្រទេស ត្រូវបានក្រុមគ្រូពេទ្យប្រើប្រាស់ឱសថបុរាណ ដើម្បីជួយព្យាបាលរួចស្រេចទៅហើយ។ បើតាមលោក Rattanaxay ឱសថបុរាណទាំងនោះ ត្រូវបានមើលឃើញថា មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ ក្នុងជួយព្យាបាលជំងឺផ្លូវដង្ហើម ជាពិសេស COVID-19 តែម្តង។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលឡាវ បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗ ៣០៧នាក់ ក្នុងនោះ ៨៦នាក់ ជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឡាវ កើនដល់១៦,៣៦៥នាក់។ ក្នុងនោះមានអ្នកស្លាប់ ១៦នាក់ និងជាសះស្បើយ១១,៣៣០នាក់៕