(ម៉ិចស៉ីកូស៉ីធី)៖ អាជ្ញាធរម៉ិចស៉ីកូនៅថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ថា អ្នកជំងឺចំនួន ១៧នាក់នៅក្នុងមន្ទីរពេទ្យ បានស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុងធូឡា (Tula) ស្ថិតនៅរដ្ឋហ៉ីដាលហ្គោ (Hidalgo) ភាគកណ្តាលប្រទេសម៉ិចស៉ីកូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ភ្លៀងបានចាប់ផ្ដើមធ្លាក់កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ) នៅរដ្ឋ Hidalgo ដោយបណ្តាលឱ្យទឹកទន្លេនៅទីក្រុង Tula កើនឡើងដល់កម្រិតខ្ពស់ រហូតដល់ជន់លិចមន្ទីរពេទ្យធំមួយនៅទីក្រុងនេះតែម្តង។ អភិបាលរដ្ឋ Hidalgo លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «ជាអកុសលយើងមានអ្នកស្លាប់ចំនួន ១៧នាក់»

បើតាមរបាយការណ៍ អ្នកស្លាប់ចំនួន ១៥នាក់ គឺមានផ្ទុកជំងឺ COVID-19 ហើយបានស្លាប់ដោយសារ «មន្ទីរពេទ្យត្រូវបានជន់លិច ហើយថាមពលអគ្គីសនីក៏ត្រូវបានដាច់ ខណៈពួកគេកំពុងត្រូវការការជួយសង្គ្រោះផ្នែកផ្លូវដង្ហើម»។ រីឯអ្នកស្លាប់ចំនួន ០២នាក់ទៀតបានមកដល់មន្ទីរពេទ្យ ដោយមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ ហើយពួកគេក៏មានផ្ទុកជំងឺ COVID-19 ដែរ។

គួរបញ្ជាក់ថា មន្ទីរពេទ្យខាងលើនេះ គឺជាអគារមួយក្នុងចំណោមអគារទាំង ៥ នៅទីក្រុង Tula ដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេ។ ដោយសារថាមពលអគ្គិសនី ត្រូវបានកាត់ផ្តាច់នៅទូទាំងទីក្រុង ម៉ាស៊ីនភ្លើងនៅមន្ទីរពេទ្យដែលបានរងការជន់លិច ក៏មិនអាចប្រើប្រាស់បានដែរ។ មុនពេលរងគ្រោះទឹកជំនន់ នៅក្នុងមន្ទីរពេទ្យខាងលើនេះ មានបុគ្គលិកបម្រើការងារចំនួន ១០៤នាក់ និងអ្នកជំងឺចំនួន ៥៦នាក់ ហើយប្រហែលជាពាក់កណ្តាលនៃពួកគេ គឺមានផ្ទុកជំងឺ COVID-19៕