(ប៉េកាំង)៖ កាលពីឆ្នាំ១៩៤៩ សាធារណៈរដ្ឋប្រជាមានិតចិនដែលទើបបង្កើតឡើង បានជួបប្រទះការលំបាកជាច្រើនក្នុងវិស័យការទូត។ មួយផ្នែក បញ្ហាដែលបន្សល់ទុកពីប្រវត្តិសាស្ត្ររវាងប្រទេសចិន និងប្រទេសជិតខាងត្រូវដោះស្រាយជាបន្ទាន់ មួយផ្នែកទៀតប្រទេសប៉ែកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុនប៉ងដាក់ឱ្យប្រទេសចិននៅឯកោក្នុងសហគមន៍អន្តរជាតិ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ប្រទេសចិន ចូលរួមកិច្ចការអន្តរជាតិទាំងអស់ ដូច្នេះចិនមិនអាចត្រូវប្រទេសភាគច្រើន ទទួលស្គាល់ក្នុងរយៈពេលយូរ។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៥៣ លោក ចូវ អឹនឡាយ ដែលជានាយករដ្ឋមន្ត្រីចិន កាលនោះបានលើកឡើងគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមានទាំងស្រុង ជាលើកដំបូងពេលជួបសន្ទនាជាមួយ គណៈប្រតិភូរដ្ឋាភិបាលឥណ្ឌា ថ្ងៃនេះជាទិវាដែលគួរឱ្យចងចាំ ក្នុងប្រវត្តិសាស្ត្រការទូតរបស់ចិន។ ការលើកឡើងនូវគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន ជាសញ្ញាគួរកត់សម្គាល់នូវភាពចាស់ទុំ នៃគោលនយោបាយការទូតរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលបានត្រួសត្រាយស្ថានភាពថ្មី សម្រាប់ការទូតប្រទេសចិន ហើយធ្វើឱ្យបរិយាប័ន្ន និងភាពបើកទូលាយរបស់ការទូតចិន ត្រូវសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅជាសន្សឹមៗ។

ក្នុងរយៈពេលរាប់សិបឆ្នាំបន្ទាប់មក ចិនបានអនុវត្តតាមពាក្យសន្យា ដែលខ្លួនបានធ្វើក្នុងគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន ចិនបានបង្កើតទំនាក់ទំនងមេត្រីភាព និងសុខដុមនីយកម្មជាមួយប្រទេសជិតខាង ហើយដោះស្រាយបញ្ហាដែលបន្សល់ទុកពីប្រវត្តិសាស្ត្រជាច្រើន ឱ្យបានសមរម្យជាមួយប្រទេសទាំងនោះ។ ជាមួយគ្នានេះ ក្នុងកិច្ចការអន្តរជាតិ ចិនបានគោរពតាមគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន ដែលខិតខំប្រឹងប្រែង និងរួមចំណែកអស់ពីសមត្ថភាព ដើម្បីដោះស្រាយការវិវាទអន្តរជាតិដោយសន្តិវិធី ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាគាំពារសន្តិភាពក្នុងតំបន់ និងពិភពលោកផងដែរ។ ដូចនេះ ប្រទេសចិនក៏បានក្លាយជាប៉ូលសំខាន់មួយនៃកម្លាំងសកល ដែលបញ្ចេញឥទ្ធិពលកាន់តែសំខាន់ឡើងៗក្នុងសហគមន៍អន្តរជាតិ។

គិតមកទល់ខែតុលាឆ្នាំ២០១៩ ចិនបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨០លើពិភពលោក។ នៅពីក្រោយនែការដែល “រង្វង់មិត្តភក្តិ” របស់ចិនកាន់តែធំឡើងៗ គឺការលើកកម្ពស់ជាបន្តបន្ទាប់នៃកម្លាំងឥទ្ធិពល និងកម្លាំងទាក់ទាញរបស់ចិនលើឆាកអន្តរជាតិ។ កាលពីថ្ងៃទី២ខែកញ្ញានេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២១ បានបើកធ្វើនៅក្រុងប៉េកាំង។ ក្នុងនាមជាវេទិកាពិព័រណ៍ធំ ១ ក្នុងចំណោមពិព័រណ៍ធំ ៣ ក្នុងការបើកទូលាយរបស់ចិន “រង្វង់មិត្តភក្តិ” នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំនេះ បានពង្រីកថែមមួយកម្រិតទៀត ដែលមានសហគ្រាសជាង ១ម៉ឺនមកពីតំបន់ និងប្រទេសចំនួន ១៥៣ ចូលរួមពិព័រណ៍នេះ ក្នុងនោះ ក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០លើពិភពលោក និងសហគ្រាសនាំមុខប្រមាណត្រូវជា ១៨ភាគរយ។

ក្រៅពីនេះ ចិនបានរៀបចំធ្វើពិព័រណ៍ផលិតផលនាំចេញនាំចូលរបស់ចិន ពិព័រណ៍នាំចូលចិនអន្តរជាតិ និងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា កាត់បន្ថយជាបន្តបន្ទាប់នូវបញ្ជីអវិជ្ជមាន នៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ បន្ធូរបន្ថយនូវការដាក់កំហិត ចំពោះការអនុញ្ញាតឱ្យពាណិជ្ជករបរទេសវិនិយោគទុននៅប្រទេសចិន ដើម្បីបង្កើតជាបរិយាកាសប្រកបអាជីវកម្មកាន់តែល្អប្រសើរ។ ចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ជាង ២០០ ជាមួយនឹងប្រទេសចំនួន ១៤០ និងអង្គការអន្តរជាតិ ៣២ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុ ចំពោះប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានកើនឡើង ៩.៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ជាមួយគ្នានេះ ជំងឺកូវីដ១៩បានរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទំាងពិភពលោក ដែលធ្វើឱ្យប្រជាជននៃបណ្តាប្រទេសនានា កាន់តែយល់ឃើញយ៉ាងច្បាស់ថា មនុស្សជាតិជាសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខនៅចំពោះមុខបញ្ហាជាសកល ប្រទេសណាមួយក៏មិនអាចដោះស្រាយបាន ដោយឯកតោភាគីនោះទេ។ ពិតមែនតែនិម្មាបនកម្មពិភពលោកនាពេលបច្ចុប្បន្ន មានបម្រែបម្រួលយ៉ាងខ្លាំង ក៏ប៉ុន្តែអនុត្តរភាព និងនយោបាយកម្លាំងបាយ មិនត្រូវលុបបំបាត់ចោលបានទេ។ រឿងដែលប្រទេសប៉ែកខាងលិចធំៗ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ នៅតែកើតឡើងឥតឈប់ឈរ។

ដូច្នេះការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក មិនបំពានគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក មានភាពស្មើគ្នា និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងរួមរស់ដោយសនិ្តសហវិជ្ជមាន ដែលផ្តួចផ្តើមដោយគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន នៅតែមានកម្លាំងរស់រវើកយ៉ាងខ្លាំងរហូតដល់ថ្ងៃនេះ។ ទន្ទឹមនឹងការអភិវឌ្ឍនៃយុគសម័យ វានឹងត្រូវផ្តល់អត្ថន័យថ្មីឥតឈប់ឈរ និងដើរតួនាទីកាន់តែធំក្នុងសហគមន៍អន្តរជាតិ៕ (#CCFR Comment#)