(កាប៊ុល)៖ ស្ត្រីអាហ្វហ្កានីស្ថាននៅតែបន្តចុះផ្លូវធ្វើបាតុកម្មតវ៉ា នៅក្នុងរដ្ឋធានីកាប៊ុល បន្ទាប់ពីកងកម្លាំងសន្តិសុខតាលីបង់ បាញ់ព្រមានជាច្រើនជាគ្រាប់ទៅលើអាកាស ដើម្បីបំបែកហ្វូងបាតុកររាប់រយនាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជាបាតុករទាំងនេះ បានរិះគន់យ៉ាងខ្លាំងលើក្រុមតាលីបង់។ ស្ត្រីរូបនេះដដែលបានលើកឡើងដូច្នេះថា «មនុស្សទាំងនេះ មិនមានភាពយុត្តិធម៌ទាល់តែសោះ ហើយពួកគេក៏គ្មានលក្ខណៈសម្បតិ្តជាមនុស្សនោះដែរ។ ពួកគេមិនបានផ្ដល់សិទ្ធិអ្វីទាំងអស់ឱ្យពួកយើង, ពួកគេមិនមែនជាមូស្លីមទេ តែជាក្រុមមនុស្សមិនស្មោះត្រង់»។

គួរបញ្ជាក់ នៅក្នុងបាតុកម្មតវ៉ានោះ ស្នូរគ្រាប់កាំភ្លើង និងភាពចលាចលក៏ត្រូវបានគេរាយការណ៍ផងដែរ។ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ថា មានអ្នករងរបួស ឬក៏ស្លាប់នៅឡើយទេ ខណៈបាតុកម្មតវ៉ារបស់ស្ត្រីអាហ្វហ្កានីស្ថាន បានបង្កើតបញ្ហាថ្មីមួយសម្រាប់ក្រុមតាលីបង់ ដែលទើបតែប្រកាសសមាសភាពរដ្ឋាភិបាលថ្មី ជាផ្លូវការរបស់ពួកគេកាលពីថ្ងៃអង្គារសប្តាហ៍នេះ ចំពោះមុខការតាមដានមិនដាក់ភ្នែក ពីសហគមន៍អន្តរជាតិ៕