(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៧,០៦០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤១,២០៦,៦៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៦៩,០២២នាក់ និងជាសះស្បើយឡើងសរុប ៣១.៥២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

វីរុស COVID-19 បំប្លែងខ្លួន Delta បាននិងកំពុងធ្វើឲ្យសហរដ្ឋអាមេរិក មើលឃើញករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុតលើលោកឡើងវិញ ដោយអត្រាឆ្លងបានឈានចូលដល់ ខ្ទង់រាប់សែននាក់ក្នុងមួយថ្ងៃៗ និងអត្រាស្លាប់វិញ ក៏ឈានចូលដល់ខ្ទង់រាប់ពាន់នាក់ដូចគ្នា។ ចំពោះមុខបញ្ហានេះ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer ដូសជំរុញ ឬដូសទី ៣ យ៉ាងទូលំទូលាយជាងមុន នៅអំលុងពាក់កណ្តាលខែកញ្ញានេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៧៤លានដូស ក្នុងនោះប្រជាជន ២០៦.៩លាននាក់ (៦៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧៥.៩៧លាននាក់ (៥៣.៦%) បានទទួលការចាក់គ្រប់ដូស៕