(ហុងកុង)៖ ប៉ូលិសក្នុងទីក្រុងហុងកុងនៅថ្ងៃពុធនេះ បានឃាត់ខ្លួនអនុប្រធានចលនាគាំទ្រលិទ្ធិប្រជាធិបតេយ្យម្នាក់ ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំថ្ងៃទី០៤ ខែកក្កដា ដើម្បីរំលឹកដល់អ្នកដែលបានស្លាប់ក្នុងបាតុកម្មតវ៉ា នៅក្នុងប្រទេសចិនកាលពីអតីតកាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

អនុប្រធានសម្ព័ន្ធភាពហុងកុង គាំទ្រចលនាជនរួមជាតិប្រជាធិបតេយ្យ នៅក្នុងប្រទេសចិន អ្នកនាង ឆូវ ហាង តុង (Chow Hang Tung) ត្រូវបានប៉ូលិសចាប់ខ្លួននៅឯការិយាល័យរបស់អ្នកនាង ក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលទីក្រុងហុងកុងតែម្តង។

គួរបញ្ជាក់ថា ការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យខាងលើ កើតមានឡើងបន្ទាប់ពីប៉ូលិសហុងកុង កាលពីខែសីហាកន្លងទៅ បានផ្ញើលិខិតមួយច្បាប់ ទៅកាន់ចលនារបស់អ្នកនាង Chow Hang Tung ដើម្បីស្នើសុំព័ត៌មានពាក់ព័ន្ធនឹងសមាជិក, ហិរញ្ញវត្ថុ និងសកម្មភាពនានា ឱ្យបានមុនថ្ងៃទី០៧ ខែកញ្ញានេះ។

ប៉ុន្តែនៅក្នុងលិខិតនោះដដែល ក៏បានចោទប្រកាន់ដែរថា សម្ព័ន្ធភាពហុងកុងគាំទ្រចលនាជនរួមជាតិប្រជាធិបតេយ្យ គឺជាភ្នាក់ងាររបស់បរទេស ហើយបានខកខានក្នុងការផ្ដល់ព័ត៌មាន តាមកាលបរិច្ឆេទកំណត់ ដែលទង្វើនេះអាចនឹងប្រឈមមុខនឹងជាប់ពន្ធនាគារ ០៦ខែ និងពិន័យជាប្រាក់ ១២,៨០០ដុល្លារ៕