(ហ្សាការតា)៖ អគ្គីភ័យឆាបឆេះយ៉ាងសន្ធប់ បានបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់នៅពន្ធនាគារមួយកន្លែង ស្ថិតក្នុងខេត្តបានធិន (Banten) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី នៅពេលរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមការដកស្រង់ប្រភព ចេញពីមន្ត្រីក្នុងតំបន់ ដោយសារព័ត៌មានអាមេរិក CNN ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី។

ក្រោយហេតុការណ៍អគ្គីភ័យផ្ទុះឡើង អ្នកស្ថិតនៅក្នុងពន្ធនាគារនៃទីក្រុង តាងហ្គឺរ៉ាង (Tangerang) របស់ខេត្តខាងលើនេះ ត្រូវបានជម្លៀសចេញយ៉ាងទាន់ហន់ ហើយសម្រាប់ចំនួនអ្នករងរបួសវិញនោះ គឺមិនទាន់មានការបញ្ជាក់ឡើយ។ មន្ត្រីពន្ធនាគារខាងលើនេះបានប្រាប់ CNN ថា «ការឆាបឆេះបានកើតមានឡើង កាលពីវេលាម៉ោង ១៖៥០នាទីរំលងអធ្រាត្រ ចេញពីក្នុងប្លុក C នៃបន្ទប់ Class I របស់ពន្ធនាគារ Tangerang»។

គួរបញ្ជាក់តាមអាជ្ញាធរគ្រប់គ្រង ពន្ធនាគារឥណ្ឌូណេស៊ីខាងលើនេះថា ចំនួនមនុស្សស្លាប់ពេលនេះគឺ ៤០នាក់ ហើយតួលេខបន្ថែមអាចនឹងត្រូវប្រកាសចេញ នៅពេលខាងមុខទៀត ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ ដោយឡែកសម្រាប់មូលហេតុនៃការឆាបឆេះវិញ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕