(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា ចិនកំពុងព្យាយាមស្វែងរកការសម្រុះសម្រួលមួយ ជាមួយក្រុមតាលីបង់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយនេះ ឡើងគ្រប់គ្រងអំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលចោទសួរថា តើរូបលោកមានការព្រួយបារម្ភដែរឬទេ ប្រសិនបើចិនផ្ដល់ជំនួយដល់ក្រុមតាលីបង់។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ប្រាកដណាស់ ចិនក៏មានបញ្ហាជាមួយក្រុមតាលីបង់ដែរ... ដូច្នេះពួកគេកំពុងព្យាយាមស្វែងរក ការសម្រុះសម្រួលមួយជាមួយតាមលីបង់ ហើយខ្ញុំប្រាកដណាស់ថា ប៉ាគីស្ថាន រុស្ស៊ី និងអ៉ីរ៉ង់ក៏នឹងធ្វើដូចគ្នានេះដែរ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិកនៃក្រុមប្រទេស G7 បានឯកភាពគ្នាថានឹងសហការគ្នា ដើម្បីឆ្លើយតបទៅនឹងក្រុមតាលីបង់ ដោយទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្ដើមធ្វើសកម្មភាពមុនគេ តាមរយៈការបង្កកទ្រព្យសម្បតិ្តរាប់ពាន់លានដុល្លាររបស់អាហ្វហ្កានីស្ថាន ដែលតម្កល់ទុកនៅសហរដ្ឋអាមេរិក។ ប៉ុន្តែអ្នកជំនាញជាច្រើនជឿជាក់ថា ទណ្ឌកម្មទាំងនេះនឹងមិនមានប្រសិទ្ធភាពឡើយ ប្រសិនបើចិន ឬប្រទេសដទៃទៀត ផ្ដល់ជំនួយដល់តាលីបង់៕