(វ៉ាស៊ីនតោន)៖ ក្រុមតាលីបង់នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសពីមុខតំណែងសំខាន់ៗសម្រាប់រដ្ឋាភិបាលថ្មីរបស់ប្រទេសអាហ្វហ្កានីស្ថាននេះ។ រដ្ឋាភិបាលថ្មីនឹងត្រូវដឹកនាំដោយលោក Mohamad Hasan Akhunzada ដែលជាសហស្ថាបនិកក្រុមតាលីបង់ នឹងក្លាយជានាយករដ្ឋមន្ត្រី ខណៈលោក Mullah Baradar ដែលជាសហស្ថាបនិកក្រុមតាលីបង់ តែងតាំងជាឧបនាយករដ្ឋមន្ត្រី។ ដោយឡែកលោក Sirajuddin Haqqani ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក Mohammad Yaqoob ជារដ្ឋមន្ត្រីការពារជាតិ, លោក Amir Khan Muttaqi ជារដ្ឋមន្ត្រីក្រសួងការបរទេស។

ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃ១៥ ខែសីហាមក ក្រុមតាលីបង់បានព្យាយាមបង្ហាញប្រាប់ពិភពលោកថា ពួកគេមិនមែនជាតាលីបង់ កាលពីជាង២០ឆ្នាំមុនឡើយ ដោយបានប្រកាសលើកលែងទោស, មិនសងសឹកចំពោះជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការឱ្យកងទ័ពបរទេស, សន្យាគោរពសិទ្ធិស្ត្រី នៅក្រោមក្របខណ្ឌនៃច្បាប់អ៉ីស្លាម ព្រមទាំងធានាថានឹងមិនអនុញ្ញាតឱ្យអាហ្វហ្កានីស្ថានក្លាយជាមូលដ្ឋានសម្រាប់ឱ្យក្រុមណាមួយប្រើប្រាស់ដើម្បីវាយប្រហារលើបណ្ដា ប្រទេសដទៃនោះទេ។

«យើងចង់បានទំនាក់ទំនងដ៏ល្អ, យើងចង់បានសេដ្ឋកិច្ចដ៏ល្អ, យើងចង់បានពាណិជ្ជកម្មដ៏ល្អ ហើយយើងចង់មានទំនាក់ទំនងការទូតដ៏ល្អ»។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែសីហា។ ការសន្យាទាំងនេះបានធ្វើ ឱ្យបណ្ដាប្រទេសជាច្រើនមានការភ្ញាក់ផ្អើល ដោយមួយចំនួនបង្ហាញជំហរស្ទាក់ស្ទើរ រីឯខ្លះទៀតប្រកាសដាច់ណាត់ថានឹងមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ។ ការដកខ្លួន របស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន អាចនិយាយបានថាជាជ័យជម្នះមួយ តែអ្វីដែលសំខាន់សម្រាប់តាលីបង់ចាប់ពីពេលនេះតទៅ នោះគឺថាតើមានប្រទេសណាខ្លះ ដែលនឹងទទួលស្គាល់ពួកគេ? ហើយថាតើត្រូវធ្វើដូចម្ដេច ទើបធ្វើឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលរបស់ពួកគេ?

* មិនប្រញាប់ប្រញាលទទួលស្គាល់

នៅពេលដែលក្រុមតាលីបង់ឡើងកាន់អំណាចដំបូងនៅអាហ្វហ្កានីស្ថានកាលពីឆ្នាំ១៩៩៦ មានប្រទេសតែបីគត់ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ក្នុងនោះរួមមាន ប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ដូចគ្នាដែរ ក្រោយតាលីបង់ចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ បណ្ដាប្រទេសលោក ខាងលិចនាំមុខដោយសហរដ្ឋអាមេរិកបាននាំគ្នាបិទស្ថានទូត, ជម្លៀសកងទ័ព, ពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្កានីស្ថានខ្លះចេញពីរដ្ឋធានីកាប៊ុលដោយចង់បង្ហាញថា ពួកគេមិនចង់មានទំនាក់ទំនង ឬក៏ទទួលស្គាល់ក្រុមតាលីបង់ឡើយ។

ក៏ប៉ុន្តែ ការពិតមួយដែលគេត្រូវទទួលស្គាល់ នោះគឺអាហ្វហ្កានីស្ថានបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ ប្រមុខការទូតអឺរ៉ុប លោក ចូសែប បូរែល (Josep Borrell) បាននិយាយថាសហភាពអឺរ៉ុបមិនមានផែនការទទួលស្គាល់តាលីបង់ភ្លាមៗនោះទេ តែអាចនឹងជួបចរចាជាមួយក្រុមតាលីបង់នៅក្នុងករណីចំាបាច់។ «ក្រុមតាលីបង់បានឈ្នះនៅក្នុងសង្រ្គាម, ដូច្នេះយើងនឹងត្រូវជជែកជាមួយនឹងពួកគេ...វាមិនមែនសំខាន់លើការទទួលស្គាល់ជាផ្លូវការទេ តែអ្វីដែលសំខាន់គឺបញ្ហាដែល ត្រូវដោះស្រាយ»។ នេះជាការលើកឡើងរបស់លោក Josep Borrel នៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយកាលពីសប្ដាហ៍មុន។

ការទទួលស្គាល់ក្រុមតាលីបង់មិនមែនជារឿងដែលមិនអាចទៅរួចនោះទេ តែអំណេះតទៅវាអា្រស័យទៅលើក្រុមតាលីបង់ខ្លួនឯងថាតើអាចគោរពតាមពាក្យសន្យារបស់ខ្លួន ដែរ ឬក៏យ៉ាងណា ខណៈទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុទ្ធតែកំពុងរង់ចាំមើលពីទង្វើប្រព្រឹត្តជាក់ស្ដែង ជាជាងការនិយាយឱ្យរួចតែពីមាត់ មុននឹងធ្វើការសម្រេចចិត្តណាមួយ។

បើតាមក្រុមអ្នកជំនាញ មានហេតុផលមួយចំនួន ទោះចង់ ឬមិនចង់ ក៏សហរដ្ឋអាមេរិក ឬបណ្ដាប្រទេសលោកខាងលិចប្រហែលជានឹងត្រូវការសហការជាមួយក្រុមតាលីបង់ ហើយហេតុផលសំខាន់ជាងគេ នោះគឺត្រូវការក្រុមតាលីបង់ ដើម្បីទប់ស្កាត់កុំឱ្យពួកភេរវករប្រើប្រាស់អាហ្វហ្កានីស្ថានជាមូលដ្ឋាន ធ្វើសកម្មភាពវាយប្រហារភេរវកម្មប្រឆាំង នឹងពួកគេ ដូចដែលធ្លាប់បានកើតឡើងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ កាសែត Washington Post កាលពីថ្ងៃ២០ ខែសីហានេះបានឱ្យដឹងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក William J. Burns បានជួបពិភាក្សាជាសំងាត់ជាមួយមេដឹកនាំក្រុមតាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដា (Abdul Ghani Baradar) ក្នុងទីក្រុងកាប៊ុល ហើយកាលពីពេលថ្មីៗនេះ យោធាអាមេរិក និងក្រុមមន្ត្រីតាលីបង់ថែមទាំងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកទៀតផង ជុំវិញការគំរា កំហែង វាយប្រហារភេរវកម្ម បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS នៅឯអាកាសយានដ្ឋានកាប៊ុលផ្ដាច់ជីវិតទាហានអាមេរិក ១៣នាក់។

ពិតមែនទៅ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលនៃអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ និងក្រុមតាលីបង់កាលពីឆ្នាំ២០២០ ព្រមទាំងការអនុញ្ញាត ឱ្យក្រុមតាលីបង់បង្កើតការិយាល័យតំណាងនៅក្នុងទីក្រុង ដូហា ប្រទេសកាតា វាហាក់ដូចជាការបោះជំហានមួយទទួលស្គាល់ថាតាលីបង់ជាតួអង្គដ៏សំខាន់មួយនៅ អាហ្វហ្កានីស្ថានរួចស្រេចទៅហើយ។ តែទាស់នៅត្រង់ថាសហរដ្ឋអាមេរិកបច្ចុប្បន្ន ក្រោមរដ្ឋបាលលោក ចូ បៃដិន និងបណ្ដាប្រទេសលោកខាងលិច ខ្លាចបាត់បង់តម្លៃនៃភាព ជាមេដឹកនាំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ខ្លួន នៅពេលប្រកាសទទួលស្គាល់តាលីបង់ភ្លាមៗតែប៉ុណ្ណោះ ដោយពួកគេចង់រង់ចំាមើលសិនថាតើតាលីបង់ឥលូវ និងពីមុនដូចគ្នា ឬក៏ខុសគ្នា។

* កន្លែងទំនេរសម្រាប់ចិននៅអាហ្វហ្កានីស្ថាន

នៅពេលក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល ហើយបណ្ដាប្រទេសលោកខាងលិចនាំគ្នាបិទស្ថានទូតរបស់ពួកគេប្រចាំទីក្រុងកាប៊ុល រុស្ស៊ី, ប៉ាគីស្ថាន, ចិន និងអ៉ីរ៉ង់ នៅតែបន្តបើកស្ថានទូតដដែល។ នៅក្នុងចំណោមប្រទេសទាំងនេះ ជាពិសេសគឺចិន ត្រូវបានគេមើលឃើញថាអាចនឹងទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ដោយ រំពឹងថាអាចនឹងបញ្ចុះបញ្ចូលឱ្យតាលីបង់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមផ្ដាច់ខ្លួននៅក្នុងតំបន់ស៊ីនជាំង ព្រមទាំងពង្រីកឥទ្ធិពលរបស់ខ្លួននៅអាហ្វហ្កានីស្ថាន និងនៅតំបន់មជ្ឈិមបូព៌ាទាំងមូល ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិក។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបប្រជុំជាមួយមេដឹកនាំក្រុមតាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដា (Abdul Ghani Baradar) នៅឯទីក្រុង Tianjin ជាទីដែលតាលីបង់សន្យាថានឹងមិនអនុញ្ញាតឱ្យក្រុមណាមួយប្រើប្រាស់អាហ្វហ្កានីស្ថាន ជាមូលដ្ឋានវាយប្រហារប្រឆាំងនឹងចិននោះទេ។ ជាការឆ្លើយតប លោក វ៉ាង យី ក៏បានសន្យាដែរថាចិននឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន ហើយថាតាលីបង់មានតួនាទីយ៉ាងខ្លាំងក្នុងការកសាងប្រទេសឡើងវិញ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន មិនមែនគ្រាន់តែជាការប្ដូរយុទ្ធសាស្ត្រងាកមក ផ្ដោតលើការខ្ទប់ឥទ្ធិពលចិនក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ តែវាក៏ជាប្រយោជន៍នយោបាយនៅក្នុងស្រុកដែរ គឺផ្គាប់ចិត្តប្រជាជនអាមេរិកភាគច្រើនដែលគាំទ្រឱ្យអាមេរិក បញ្ចប់សង្គ្រាមនេះ។ តែវាមិនមែនមានន័យថាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុខចិត្តបោះបង់អាហ្វហ្កានីស្ថានឱ្យចិន ឬរុស្ស៊ីនោះទេ ដូច្នេះប្រសិនបើ ចិនពង្រីកឥទ្ធិពលនៅអាហ្វហ្កានីស្ថានមែន នោះវាអាចនឹងបង្ខំឱ្យអាមេរិកលូកដៃជាថ្មីនៅអាហ្វហ្កានីស្ថានក៏ថាបាន ពីព្រោះថាសម្រាប់សហរដ្ឋអាមេរិកសព្វថ្ងៃឥទ្ធិពលចិន នៅទីណា គឺអាមេរិកត្រូវទៅដល់ទៅទីនោះដែរ។

មួយវិញទៀត សហរដ្ឋអាមេរិក ឬលោកខាងលិច ប្រហែលជានឹងមិនផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយអាហ្វហ្កានីស្ថានទេ ដ្បិតការធ្វើបែបនេះក៏នឹងធ្វើឱ្យពួកគេអស់ឥទ្ធិពល ទាំងស្រុងដូចគ្នានៅអាហ្វហ្កានីស្ថានដោយមិនអាចបង្ខំ ឬមានទឹកមាត់ប្រៃនិយាយជាមួយតាលីបង់ឱ្យគោរពសិទ្ធិមនុស្ស, សិទ្ធិស្ត្រី ឬក៏ចូលរួមក្នុងការប្រយុទ្ធប្រឆាំងជាមួយ ពួកភេរវករនោះដែរ។ និយាយងាយស្ដាប់ ទទួលស្គាល់ ឬមិនទទួលស្គាល់ក្រុមតាលីបង់ ត្រូវមើលសិនថាតើវា «មានផលប្រយោជន៍ដល់ពួកគេ» ដែរ ឬក៏យ៉ាងណា៕

ប្រភព៖ Washington Post