(ម៉ិកស៊ិក)៖ រដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមអ្នកតំណាងមកពីគណបក្សប្រឆាំង នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ក្នុងអំឡុងកិច្ចចរចានៅទីក្រុងម៉ិចស៉ីកូ ស៉ីធី (Mexico City) ដែលនេះជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវដែលត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយវិបត្តិរ៉ាំរ៉ៃរបស់ប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចចរចាកាលពីថ្ងៃសុក្រសប្ដាហ៍មុនរហូតដល់ថ្ងៃចន្ទសប្ដាហ៍នេះ ពួកគេបាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនហើយ ដែលទាក់ទងនឹងវិធានការសង្គម ជាពិសេសលើអ្នកដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 និងជម្លោះទឹកដីដែលទាក់ទងនឹងប្រទេសហ្គីយ៉ាណាដែលនៅជិតខាង។

ក្រុមអ្នកតំណាងមកពីគណបក្សទាំងពីរ បាននិយាយបន្ថែមថា កិច្ចចរចារអំពីវិធានការសេដ្ឋកិច្ច និងសង្គម រួមទាំងទ្រព្យសម្បត្តិបម្រុងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនៅជុំបន្ទាប់។

គួរបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីខែកក្កដាកន្លងទៅនេះ បានយល់ព្រមចូលក្នុងកិច្ចពិភាក្សានយោបាយនៅប្រទេសម៉ិកស៉ីកូ ជាមួយក្រុមគណបក្សប្រឆាំងលើលក្ខខណ្ឌ ៣យ៉ាង រួមទាំងវិស័យនយោបាយដែលចូលរួមបោះបង់ចោលនូវផែនការហឹង្សា, បញ្ឈប់ជាបន្ទាន់នូវទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងវេណេស៊ុយអេឡា ហើយក្រុមប្រឆាំងស្តាំនិយមត្រូវទទួលស្គាល់សិទ្ធិអំណាចរបស់ស្ថាប័នរដ្ឋវេណេស៊ុយអេឡា៕