(ប៉េកាំង)៖ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារត់ប្រណាំងប្រភេទនារីចម្ងាយ ៤០០ ម៉ែត្រកម្រិត T11 (ពិការភ្នែក)នៃព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ កីឡាការនីចិនឈ្មោះ Liu Cuiqing ដណ្តើមបានមេដាយមាសក្រោមការជួយសហការរបស់អ្នកណែនាំរត់ឈ្មោះ Xu Donglin ដោយលទ្ធផល 56″26 ដែលបានបំបែកឯតទគ្គកម្មកីឡាប៉ារ៉ាឡាំពិក!នេះជាមេដាយមាសទី ២០ នៃប្រតិភូអត្តពលិកចិនក្នុងការប្រកួតប៉ារ៉ាឡាំពិកលើកនេះ។

សូមបញ្ជាក់ថា ក្នុងទីលានប្រកួតអត្តពលកម្មនៃកីឡាប៉ារ៉ាឡាំពិក កីឡាករពិការភ្នែកប្រើខ្សែប្រវែង ១០ សង់ទីម៉ែត្រពាក់នៅដៃម្ខាងម្នាក់ជាមួយអ្នកណែនាំ ដើម្បីបែងចែកទិស ប្រគៀកស្មាប្រកួតជាមួយគ្នា។ សម្រាប់អ្នកនាង Liu Cuiqing ខ្សែខ្លីនេះជាភ្នែកនិងទំនុកចិត្តរបស់គាត់ ៖ “បើសិនជាថ្ងៃណាមួយខ្ញុំអាចមើលឃើញ ខ្ញុំចង់ឃើញមុខរបស់អ្នកណែនាំ”។

អ្នកនាង Liu Cuiqing មានស្រុកកំណើតនៅក្រុងណានណីង ភូមិភាគស្វយ័តជនជាតិជាំងក្វាំងស៊ីប្រទេសចិន បានពិការភ្នែកនៅអាយុ ១០ ឆ្នាំ ដោយសារជំងឺ។ កាលពីឆ្នាំ ២០១៣ លោក Xu Donglin ដែលមានកម្ពស់ ១.៨៣ ម៉ែត្រ បានក្លាយជាដៃគូទី៥របស់អ្នកនាងដែលមានកម្ពស់ ១.៦៥ ម៉ែត្រ។ បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នារយៈពេល ៤ ខែ អ្នកនាងដណ្តើមបានជើងឯកចំនួន ២ ក្នុងការប្រកួតកីឡាថ្នាក់ជាតិ។ ក្នុងការប្រកួតកីឡាអាស៊ីជនពិការក្រុងអ៊ីនឈុន អ្នកនាងដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿង ទាំងការរត់ចម្ងាយ ១០០ ម៉ែត្រ ,២០០ ម៉ែត្រ , ៤០០ ម៉ែត្រ , ៤x១០០ ម៉ែត្រ និងការលោតចម្ងាយ។ ក្នុងពេលចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុង RIO ឆ្នាំ២០១៦ លោក Xu Donglin មានបញ្ហាជង្គង់ ប៉ុន្តែលោកបានខិតខំនាំអ្នកនាងឱ្យរត់ដល់ទីគោលដៅ ហើយបានជួយអ្នកនាងឱ្យទទួលបានជើងឯកវិញ្ញាសាររត់ចម្ងាយ ៤០០ម៉ែត្រសម្រាប់ជនពិការភ្នែក។

អ្នកនាង Liu Cuiqing និងលោក Xu Donglin បានហ្វឹកហាត់ជាមួយគ្នាអស់រយៈពេលជាង ៧ ឆ្នាំ។ អ្នកនាងបានប្រាប់ថា ៖ ដោយសារខ្ញុំមើលមិនឃើញ តែងខ្លាចថាមានអ្វីបាំងនៅពីមុខ ការរៀនពីកាយវិការក៏យឺតជាងអ្នកដទៃ ហើយត្រូវពុះពារបញ្ហាផ្លូវចិត្តផង ប៉ុន្តែការណែនាំរបស់លោក Xu Donglin បានជួយខ្ញុំបង្កើនទំនុកចិត្តជាបណ្តើរៗ។

ពេលដើរចេញពីកន្លែងប្រកួត អ្នកនាងត្រូវចាប់កាន់ដើមដៃរបស់លោក Xu Donglin ឯលោក Xu Donglin ថែទាំនាងយ៉ាងផ្ចិតផ្ចង់ ដោយប្រាប់យ៉ាងលម្អិតថាលើផ្លូវមានរបាំងអ្វីខ្លះ។ អ្នកនាង Liu Cuiqing បានប្រាប់ថា៖ លោកយកចិត្តទុកដាក់ជួយថែទាំខ្ញុំច្រើនណាស់ ក្នុងការហ្វឹកហាត់និងរឿងដទៃទៀត ពេលឡើងចុះជណ្តើរក៏រំលឹកខ្ញុំដែរ។

សម្រាប់លោក Xu Donglin មានមោទនភាពខ្លាំងចំពោះដៃគូរបស់ខ្លួន៖ គាត់ទទួលបានលទ្ធផលល្អទាំងនេះ គឺដោយសារបានខិតខំហ្វឹកហាត់ និងមានទេពកោសល្យខ្ពស់។ ការហ្វឹកហាត់ពិបាកណាស់ គាត់មិនដែលរអ៊ូទេ ហាត់អ្វីក៏អាចសម្រេចបានទាំងស្រុង៕