(តូក្យូ)៖ ប្រទេសជប៉ុនបានយល់ព្រមព្រៀងទិញ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក ណូវ៉ាវ៉ាក់ (Novavax) ចំនួន ១៥០លានដូស ខណៈក្រុមហ៊ុនជប៉ុនមួយឈ្មោះ តាកេដា (Takeda) កំពុងរំពឹងទុកថា ខ្លួននឹងអាចចាប់ផ្តើមផលិត វ៉ាក់សាំងនេះបាននៅដើមឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ តម្លៃនៃកិច្ចព្រមព្រៀងខាងលើនេះ គឺមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ ដោយវាអាចអាស្រ័យទៅលើការអនុម័តឲ្យវ៉ាក់សាំងនេះ អាចប្រើនៅប្រទេសជប៉ុនក្នុងកម្រិតណាសិន។ សម្រាប់ក្រុមហ៊ុនជប៉ុន Takeda គឺជាអ្នកទទួលបន្ទុករៀបចំការធ្វើតេស្តវ៉ាក់សាំង Novavax នេះទៅលើមនុស្ស។

គួរបញ្ជាក់ថា កន្លងមកនេះជប៉ុនបានអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech, Moderna និង AstraZeneca ហើយសម្រាប់វ៉ាក់សាំង Novavax វិញ គឺអាចនឹងត្រូវអនុម័តនៅក្រោយការធ្វើតេស្តចេញលទ្ធផល។ ខុសប្លែកពីវ៉ាក់សាំងទាំងឡាយខាងលើ វ៉ាក់សាំង Novavax មិនប្រើប្រាស់បច្ចេកវិទ្យាផលិត mRNA នោះឡើយ ដោយវាប្រើប្រាស់ប្រូតេអ៊ីន ដើម្បីចាក់ជំរុញប្រព័ន្ធភាពសុំា ដូច្នេះហើយវាជាប្រភេទវ៉ាក់សាំង ដែលមិនបង្កឲ្យមានប្រតិកម្មនោះឡើយ នៅក្រោយការចាក់ទាំង ០២ដូស។

បន្ថែមពីខាងលើនេះ វ៉ាក់សាំង Novavax ក៏មិនតម្រូវឲ្យរក្សាទុក ក្នុងសីតុណ្ហភាពទាបជ្រុល ដូចវ៉ាក់សាំងមួយចំនួននោះដែរ។ កន្លងមកនេះក្រុមហ៊ុនអាមេរិក Novavax ធ្លាប់បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩០% ប្រឆាំងនឹងវីរុស COVID-19 តាមរយៈការធ្វើតេស្ត នៅលើទឹកដីអាមេរិកខាងជើងផ្ទាល់។ យ៉ាងណាក៏ដោយ ទាំងនិយ័តករឱសថសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សុទ្ធតែកំពុងធ្វើការត្រួតពិនិត្យ ទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំង Novavax នៅឡើយ ដោយគេមិនទាន់ដឹងថា នឹងចេញលទ្ធផលនៅពេលណានោះទេ៕