(សាន់ត្យាហ្គោ)៖ ទីបំផុតអាជ្ញាធរសុខាភិបាល (ISP) នៃប្រទេសឈីលី (ស៊ីលី) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ក្នុងករណីបន្ទាន់ទៅលើកូនក្មេង និងមនុស្សវ័យជំទង់ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ១៧ឆ្នាំហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។

នាយក ISP លោក ហឺរីប៊ឺតូ ហ្គាសៀ (Heriberto Garcia) បានធ្វើសេចក្តីប្រកាសដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំអ្នកជំនាញស្តីពីការប្រើប្រាស់វ៉ាក់សាំង។ លោក Heriberto Garcia បាននិយាយថា «ដើម្បីបន្តការការពារប្រជាជនយើង យើងបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុន Sinovac ក្នុងករណីបន្ទាន់ សម្រាប់កុមារដែលមានអាយុចាប់ពី ០៦ឆ្នាំឡើងទៅហើយ»

លោក Heriberto Garcia បាននិយាយបន្ថែមថា «ទិន្នន័យបានបង្ហាញថា ចំនួនកុមារឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុក ដោយសារតែពួកគេមិនទាន់បានទទួល ការចាក់វ៉ាក់សាំងបង្ការនៅឡើយ»។

គួរបញ្ជាក់ថា បើតាមតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលឈីលី ប្រជាជនសរុបចំនួន ១៣,០៧៤,៤៩៦នាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ ដែលស្មើនឹង ៨៦.០១ភាគរយនៃប្រជាជនសរុបចំនួន ១៥.២លាននាក់ដែលជាគោលដៅដែលត្រូវចាក់វ៉ាក់សាំង។ ឈីលីក៏ជាប្រទេសកំពុងនាំមុខគេ ក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទ្វីបអាមេរិកខាងត្បូងផងដែរ៕