(ប៉េកាំង)៖ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២១ បានប្រារព្ធធ្វើចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៧ ខែកញ្ញា នៅក្រុងប៉េកាំង។ នេះជាលើកទីពីរហើយ ដែលប្រទេសចិនរៀបចំធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា បន្ទាប់ពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។

យប់ថ្ងៃទី២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មជាសកល នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ដោយបានប្រកាសពីវិធានការណ៍ថ្មីរបស់ប្រទេសចិន ដើម្បីធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅនិងបើកចំហកាន់តែទូលាយ ប្រការនេះបានបង្ហាញឱ្យឃើញនូវ ការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិន ក្នុងការជំរុញការអភិវឌ្ឍតាមរយៈការច្នៃប្រឌិតថ្មី និងសម្រេចបាននូវការបើកទូលាយដោយកម្រិតកាន់តែខ្ពស់ ក៏ដូចជាបានបង្ហាញឱ្យឃើញនូវគោលបំណងយ៉ាងសំខាន់ ដែលចង់ចែករំលែកឱកាសអភិវឌ្ឍន៍ពាណិជ្ជកម្មសេវាកម្មជាមួយពិភពលោក និងរួមគ្នាជំរុញការងើបឡើងវិញនិងកំណើននៃសេដ្ឋកិច្ចសកល ដែលបានបកស្រាយបញ្ហាពិបាក នាពេលបច្ចុប្បន្ននេះ លើវិស័យសេដ្ឋកិច្ចសកល ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ ហើយបានចង្អុលបង្ហាញពីទិសដៅ សម្រាប់រួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរ។

បច្ចុប្បន្ននេះ ពាណិជ្ជកម្មសេវាកម្មបានក្លាយជាកម្លាំងចលករថ្មី ក្នុងពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ច ។ ពិតមែនតែត្រូវប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ ពីការរាតត្បាតនៃជំងឺឆ្លង និងការថមថយចុះនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដែលបណ្តាលមកពីជំងឺឆ្លងលើកនេះក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែទទួលបានការវិវឌ្ឍដ៏សំខាន់ លើវិស័យបើកទូលាយមុខរបរសេវាកម្ម និងការអភិវឌ្ឍច្នៃប្រឌិតថ្មីលើវិស័យពាណិជ្ជកម្មសេវាកម្មផងដែរ។ នៅឆមាសទីមួយឆ្នាំនេះ តម្លៃបន្ថែមនៃពាណិជ្ជកម្មរបស់ចិនបានឡើងដល់ ២៩.៦ទ្រីលានប្រាក់យាន់ចិន អនុបាតក្នុងតម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិន បានកើនឡើងពី៥៤.៥ភាគរយកាលពីឆ្នាំមុន ដល់៥៥.៧ភាគរយហើយបើតាមការប៉ាន់ប្រមាណនៅឆ្នាំ២០២៥ នឹងអាចឡើងដល់៦០ភាគរយ។

ក្នុងអំឡុងពេលប្រទេសចិនអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ពាណិជ្ជកម្មសេវាកម្មរបស់ចិន នឹងមានចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយ។ ប្រទេសចិននឹងលើកកម្ពស់កម្រិតបើកទូលាយថែមមួយកម្រិតទៀត នឹងបង្កើនការផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» នឹងចែករំលែកសមិទ្ធផលបច្ចេកវិទ្យារបស់ចិន នឹងសកម្មចូលរួមការគ្រោង និងកំណត់ក្បូនច្បាប់ពាណិជ្ជកម្មសេវាកម្មសកល ក្នុងន័យរួមគ្នាក្តាប់ជាប់តម្រូវការថ្មីលើវិស័យពាណិជ្ជកម្មសេវាកម្ម នឹងឆ្លើយតបការប្រឈមថ្មីលើវិស័យពាណិជ្ជកម្មសេវាកម្មផងដែរ។

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរាតត្បាតយ៉ាងធ្ងន់ធ្ងរ នៅពិភពលោកទាំងមូល បានវាយប្រហារយ៉ាងខ្លាំងដល់ សេដ្ឋកិច្ចបណ្តាប្រទេសនានានិងពាណិជ្ជកម្មអន្តរជាតិ ការប្រាស្រ័យទាក់ទងរវាងបុគ្គលិក ក៏រងការរឹតត្បិតយ៉ាងខ្លាំងផងដែរ។ ទោះបីជាក្នុងសភាពការណ៍បែបនេះក៏ដោយ ក៏ប្រទេសចិននៅតែប្រកាន់ខ្ជាប់ការជំរុញ ការបើកទូលាយទៅកាន់បរទេស ដែលមានកម្រិតកាន់តែខ្ពស់ ហើយបានពុះពារឧបសគ្គដើម្បីបន្តរៀបចំធ្វើ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ។

ទាក់ទងនឹងការប្ដេជ្ញាចិត្តរបស់ចិនបែបនេះ បានធ្វើអោយឥស្សរជនបរទេស បានសម្គាល់ឃើញយ៉ាងច្បាស់ថា ទង្វើរបស់ចិនបែបនេះបានបង្ហាញឱ្យឃើញនូវ គោលបំណងយ៉ាងច្បាស់ដែលចង់រួម ជាមួយបណ្តាប្រទេសនានាលើពិភពលោក ក្នុងការទប់ទល់នឹងការប្រឈម ហើយការបើកទូលាយរបស់ចិន មិនមែនផ្តោតសំខាន់ទៅលើខ្លួនឯងតែប៉ុណ្ណោះទេ ហើយក៏ដើម្បីជំរុញការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានា នៅលើពិភពលោកផងដែរ។

លោក ចាប៉ារ៉ា សមាជិកនៃគណៈកម្មាធិការកិច្ចការទូតរបស់ប្រទេសអេហ្ស៊ីប និងជាអ្នកនិពន្ធនៃកាសែត Al-Ahram បានថ្លែងថា ចិនរៀបចំពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ ពិតជាមានសារៈសំខាន់ណាស់។ ទ្រង់ទ្រាយនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ ធំជាងលើកមុន ដែលវាបានគ្របដណ្តប់លើវិស័យសំខាន់ៗនៃពាណិជ្ជកម្មសេវាកម្ម ផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗ ដូចជាសេដ្ឋកិច្ចឌីជីថល ការកាត់បន្ថយការបញ្ចេញការបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូនជាដើម ដែលបានបង្ហាញទៅកាន់ពិភពលោកនូវកិច្ចសហប្រតិបតិ្តការអន្តរជាតិរបស់ចិន ដែលមានភាពបើកទូលាយនិងបរិយាប័ន្ន ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម នឹងដើរតួនាទីសំខាន់ក្នុងការជំរុញការងើបឡើងវិញ សេដ្ឋកិច្ចសកលនិងអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

លោក Nushirwan ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅចិន បានសម្គាល់ឃើញថា ប្រទេសចិនបានលើកឡើងនូវវិធានការមួយចំនួន ដែលសមស្របនឹងតម្រូវការអភិវឌ្ឍន៍សកល។ បន្ទាប់ពីបញ្ចប់ការរាតត្បាតនៃជំងឺឆ្លង ពាណិជ្ជកម្មសេវាកម្មនឹងក្លាយជារបៀបអភិវឌ្ឍន៍ថ្មីមួយ ។ លោក Chang Qing អគ្គនាយកនៅតំបន់ចិននៃក្រុមហ៊ុន MasterCard បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម ធ្វើឱ្យបណ្តាប្រទេសនានាអាចទទួលបាន ឱកាសអភិវឌ្ឍន៍រួមកាន់តែប្រសើរ។ ហើយពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម នឹងជួយអោយសហគ្រាសសកលបង្កើតទំនាក់ទំនងកាន់តែរឹងមាំ ធ្វើឱ្យយើងមានជំនឿចិត្តកាន់តែរឹងមាំ ក្នុងការធ្វើអាជីវកម្មនៅទីផ្សារចិនជាយូរអង្វែរ ។

ឆ្លងតាមរយៈពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ អ្នកផងទាំងពួងបានមើលឃើញកិច្ចខិតខំប្រឹងប្រែងនិងការបេ្តជ្ញាចិត្តរបស់ចិន ក្នុងការរក្សាការបើកទូលាយនិងជំរុញការអភិវឌ្ឍរបស់ពិភពលោក ក្រោមការណែនាំនៃទស្សនៈ ស្តីពីការបង្កើតសហគមន៍វាសនាតែមួយរបស់មនុស្សជាតិ។ លោក អាលីហ្សានតា ហ្វីគឺឡេដូ ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវតំបន់ខាងត្បូង របស់ប្រទេសប្រេស៊ីលបានថ្លែងថា ក្នុងកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍជាមួយបរទេស ប្រទេសចិនបានប្រកាន់ខ្ជាប់ការគោរព មានជំនឿចិត្តនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សាគ្នា សាងសង់ជាមួយគ្នានិងចែករំលែកជាមួយគ្នាជាប់រហូតមក។ វិធានការថ្មីសម្រាប់ការបើកទូលាយ បានផ្តល់ជំនឿចិត្តកាន់តែខ្លាំងក្នុងការគាំពារពហុភាគីនិយម ជំរុញសេរីភាពនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ។

លោក Tsuyuguchi សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Teikyo បានសម្គាល់ឃើញថា ឆ្លងតាមរយៈការចែករំលែកឱកាសអភិវឌ្ឍន៍ពាណិជ្ជកម្មសេវាកម្ម ចិននិងបណ្តាប្រទេសនានាលើសកលលោក អាចចាប់ដៃគ្នាជំរុញកំណើនសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវការផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ប្រទេសចិននិងបណ្តាប្រទេសនានា នឹងមានភាពចុះសម្រុងគ្នាកាន់តែស៊ីជម្រៅ និងការច្នៃប្រឌិតថ្មីកាន់តែសកម្ម លើវិស័យពាណិជ្ជកម្មសេវាកម្ម ហើយនឹងរួមចំណែកថ្មី ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។

ក្នុងនាមជាពិព័រណ៍ចម្រុះលើវិស័យពាណិជ្ជកម្មសេវាកម្មតែមួយគត់ នៅលើពិភពលោកក្នុងឆ្នាំនេះ ពិព័រណ៍លើកនេះមានលក្ខណៈពិសេស លើវិស័យឌីជីថលភាវូបនីយកម្ម សកលភាវូបនីយកម្ម ភាពជំនាញនិងទីផ្សារភាពវូបនីយកម្ម បានបង្ហាញឱ្យឃើញនូវនិន្នាការប្រវតិ្តសាស្ត្រដែលថា មុខរបរសេវាកម្មបានក្លាយជាមុខរបរទ្រទ្រង់ក្នុងសេដ្ឋកិច្ចសកល។ ឆ្លងតាមរយៈពិព័រណ៍លើកនេះ ប្រទេសចិននឹងផ្តល់កាលានុវត្តភាពទីផ្សារ និងផលប្រយោជន៍ក្នុងការអភិវឌ្ឍដល់បណ្តាភាគីនានា ក្នុងន័យបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករ កាន់តែច្រើនដល់ការងើបឡើងវិញសេដ្ឋកិច្ចសកល៕