(កាប៊ុល)៖ អ្នកនាំពាក្យតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) នាថ្ងៃចន្ទនេះបាននិយាយថា រដ្ឋាភិបាលអាហ្កានីស្ថានថ្មី នឹងត្រូវប្រកាសក្នុង ពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីក្រុមតាលីបង់បានអះអាងថា ខ្លួនទើបកាន់កាប់ខេត្ត ផាន់ហ្សៀរ (Panjshir) ដែលជាខេត្តចុងក្រោយនោះបានទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

លោក Mujahid បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាហ្វហ្កានីស្ថានអាចនឹងប្រកាសរដ្ឋាភិបាលថ្មី ក្នុងទម្រង់ជារដ្ឋាភិបាលបណ្តោះអាសន្ន ព្រោះបើដូច្នោះ វាអាចអនុញ្ញាតឲ្យមានការកែសម្រួល ឬកែទម្រង់បន្ថែម។ លោក Mujahid បានគូសបញ្ជាក់ថា ព័ត៌មានលម្អិត និងកាលបរិច្ឆេទជាក់លាក់ នៃការបង្កើតរដ្ឋាភិបាលថ្មីនេះ គឺនឹងត្រូវប្រកាសនាពេលឆាប់ៗ ប្រហែលប៉ុន្មានថ្ងៃទៀត ដោយសារនៅមានបញ្ហាបច្ចេកទេសមួយចំនួន។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បើតាមការប៉ាន់ស្មានពីប្រភពក្រុមតាលីបង់ផ្ទាល់ គឺលោក មូលឡោះ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) ដែលជាប្រមុខផ្នែកនយោបាយ និងសហស្ថានិករបស់ក្រុមតាលីបង់ផងដែរ អាចនឹងក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី។ ដោយឡែក ពាក់ព័ន្ធនឹងការអះអាងរបស់តាលីបង់ ជុំវិញខេត្ត Panjshi វិញ ក្រុមចលនាតស៊ូនៅទីនោះនៅតែបដិសេធថា «វាមិនមែនជាការពិត»