(កាប៊ុល)៖ ក្រុមអ្នកប្រយុទ្ធតាលីបង់បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើចលនាតស៊ូនៅក្នុងខេត្ត ផាន់ហ្សៀរ (Panjshir) ខណៈឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកម្នាក់ទើបានព្រមានថា សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំមួយអាចនឹងផ្ទុះឡើង ដែលនេះគឺជាឱកាសឱ្យក្រុមភេរវករពង្រីកឥទ្ធិពលឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍មុននេះ (ពេលវេលានៅអាមេរិក) នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្តមសេនីយ៍ ម៉ាក មីល្លេយ (Mark Milley) ក៏បានចោទសួរផងដែរ អំពីសមត្ថភាពរបស់តាលីបង់ថា តើពួកគេអាចពង្រឹងអំណាចបានដែរឬក៏យ៉ាងណា ខណៈកំពុងផ្លាស់ប្ដូរពីក្រុមឧទ្ទាម ទៅជារដ្ឋាភិបាលថ្មីមួយនោះ។

លោក Mark Milley បានលើកឡើងពីការយល់ឃើញយ៉ាងដូច្នេះថា «វាអាចទៅរួចដែលថា សង្រ្គាមស៊ីវិលទ្រង់ទ្រាយធំនឹងផ្ទុះឡើង ហើយវានឹងក្លាយជាឱកាសឱ្យក្រុមភេរវករដូចជា អាល់កៃដា ឬក៏ ISIS ជាដើម ពង្រីកឥទ្ធិពលឡើងវិញ»

គួរបញ្ជាក់ថា លោក Mark Milley កាលពីសប្ដាហ៍មុនក៏ធ្លាប់បានលើកឡើងដែរថា សហរដ្ឋអាមេរិកអាចនឹងសហការជាមួយក្រុមតាលីបង់ លើបញ្ហាមួយចំនួនតូច ក្នុងនោះជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS តែម្ដង។ សម្រាប់ Panjshir គឺជាខេត្តតែមួយគត់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមិនទាន់ធ្លាក់ចូលក្នុងដៃតាលីបង់។ កាលពីចុងសប្តាហ៍មុននេះ ក្រុមតាលីបង់បានអះអាងថា ខេត្ត Panjshir បានធ្លាក់ចូលក្នុងកណ្តាប់ដៃខ្លួនហើយ ប៉ុន្តែភ្លាមៗចលនាតស៊ូក្នុងខេត្តនេះ បានចេញមុខច្រានចោល៕