(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៨,៦៨២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥៧៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤០,៧៦៥,៣៥៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៦៥,៨៥៨នាក់ និងជាសះស្បើយឡើងសរុប ៣១.២៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

វីរុស COVID-19 បំប្លែងខ្លួន Delta បាននិងកំពុងធ្វើឲ្យសហរដ្ឋអាមេរិក មើលឃើញករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុតលើលោកឡើងវិញ។ ចំពោះមុខបញ្ហានេះ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer ដូសជំរុញ ឬដូសទី ៣ យ៉ាងទូលំទូលាយជាងមុន នៅអំលុងពាក់កណ្តាលខែកញ្ញានេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៧២លានដូស ក្នុងនោះប្រជាជន ២០៥.៩១លាននាក់ (៦២.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧៤.៩៧លាននាក់ (៥៣.៣%) បានទទួលការចាក់គ្រប់ដូស។ ដោយឡែកសម្រាប់ការចាក់ដូសទី ៣ វិញនោះ សហរដ្ឋអាមេរិកសម្រេចបានជាង ១លាននាក់៕