(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក ហ្គតដុន ប្រោន (Gordon Brown) បានចោទប្រកាន់បណ្ដាប្រទេសអ្នកមានថាបានបាត់បង់ក្រមសីលធម៌ ជុំវិញការ ស្ដុកទុកវ៉ាក់សាំង COVID-19 ស្របពេលបណ្ដាប្រទេសក្រីក្រកំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអង់គ្លេស Sunday Mirror លោក Gordon Brown បានអះអាងថាបណ្ដាប្រទេសលោកខាងលិចកំពុងស្ដុកទុក វ៉ាក់សាំងជិត ៣០០លានដូស ខណៈប្រជាជនក្នុងតំបន់អាហ្វ្រិកតែជាង ៧០លាននាក់ប៉ុណ្ណោះបានទទួលការចាក់វ៉ាក់សាំងមកទល់នឹងបច្ចុប្បន្ន។ លោក Brown ដែល ជាបេសកជនពិសេសម្នាក់របស់អង្គការសហប្រជាជាតិផងនោះ បានអំពាវនាវឱ្យលោកប្រធានាធិបតី ចូ បៃដិន និងមេដឹកនាំនៃក្រុមប្រទេស G7 បញ្ចេញវ៉ាក់សាំង ពីឃ្លាំងស្ដុករបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបទៅកាន់តំបន់អាហ្វ្រិកជាបន្ទាន់។

គួរបញ្ជាក់ថា បើតាមលោក Gordon Brown នៅមុនបុណ្យណូអែលឆ្នាំ២០២១នេះ បណ្ដាប្រទេសលោកខាងលិចអាចនឹងស្ដុកទុកវ៉ាក់សាំងលើកតម្រូវការ ១ពាន់លាន ដូស ខណៈប្រជាជនអាមេរិកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ រីឯបណ្ដាប្រទេសក្រីក្រកំពុងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនរបស់ខ្លួន៕