(បានដាស៊េរីបេហ្កាវ៉ាន់)៖ ប្រមុខការទូតព្រុយណេ ដែលត្រូវបានតែងតាំងជា ប្រេសិតពិសេសអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា រូបលោកកំពុងបន្តចរចាជាមួយរបបយោធាមីយ៉ាន់ម៉ា ជុំវិញលក្ខខណ្ឌនៃការធ្វើទស្សនកិច្ចទៅកាន់ទីនោះ ហើយលោកក៏បានដាក់សំណើឲ្យអាចមាន ការជួបអតីតមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា គឺលោកស្រី អោង សាន ស៊ូ ជី ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

សមាគមអាស៊ានបាននិងកំពុងព្យាយាមបញ្ចប់អំពើហិង្សា និងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបើកឲ្យមានកិច្ចសន្ទនា ដោយសន្តិវិធីរវាងមេដឹកនាំយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំង ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី ស៊ូ ជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ លោក អេរីវ៉ាន យូសូហ្វ (Erywan Yusof) ដែលជាប្រមុខការទូតនៃប្រទេសព្រុយណេ ត្រូវបានចាត់តាំងឲ្យដឹកនាំកិច្ចប្រឹងប្រែងទាំងនេះ កាលពីខែមុន។

លោក អេរីវ៉ាន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «វាមានភាពចាំបាច់ឲ្យខ្ញុំ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗ ប៉ុន្តែខ្ញុំគិតថា មុនធ្វើយ៉ាងដូច្នោះ ខ្ញុំត្រូវការការធានាជាមុនសិន។ ខ្ញុំត្រូវតែអាចទទួលបានរូបភាពច្បាស់លាស់ នូវអ្វីដែលខ្ញុំត្រូវធ្វើ និងអ្វីដែលពួកគេនឹងអនុញ្ញាតឲ្យខ្ញុំធ្វើ នៅពេលខ្ញុំទៅទស្សនកិច្ច»។

គួរបញ្ជាក់ថា បើតាមលោក អេរីវ៉ាន លោកចង់ធ្វើទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា ឲ្យបានមុនចុងខែតុលា ដែលជាពេលមេដឹកនាំអាស៊ាន ត្រូវជួបប្រជុំ ប៉ុន្តែមិនទាន់មានការកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ លោក អេរីវ៉ាន បានប្រាប់ទៀតថា សំណើសុំជួបលោកស្រី អោង សាន ស៊ូ ជី ក៏ត្រូវបានដាក់ទៅកាន់យោធាមីយ៉ាន់ម៉ាផងដែរ៕