(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៩,៥២១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ករណីឆ្លងថ្មីៗខាងលើ សុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ បានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៨,១០៤នាក់។

ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារ COVID-19 ចំនួន៣៤៧នាក់ បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៥១១,១០៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២៨២,៥១៦នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១២,៨២៣នាក់៕