(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង (Li Keqiang) បានអំពាវនាវឲ្យបណ្តាប្រទេសមហាអំណាច នៅលើពិភពលោកយើងនេះ បង្ហាញភាពទទួលខុសត្រូវខ្ពស់ និងដើរតួនាទីស្នូលក្នុងការលើកស្ទួយកិច្ចការពារបរិស្ថាន ឲ្យកាន់តែខ្លាំងក្លាឡើង ជាពិសេសគឺទៅលើការដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង ខាងលើនេះត្រូវបានធ្វើឡើង នៅក្នុងឱកាសនៃការបើក វេទិកាដោះស្រាយបញ្ហាចម្បងៗនៃពិភពលោក (IUCN World Conservation Congress) កាលពីថ្ងៃសុក្រ។ IUCN ជាវេទិកាអន្តរជាតិ ដែលកើតមានតែក្នុងរយៈពេល ០៤ឆ្នាំម្តងប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១នេះ វាត្រូវបានប្រារព្ធឡើងតាមរយៈវីដេអូអនឡាញ។

លោក លី ខឺជាំង បានសង្កត់ធ្ងន់ក្នុងឱកាសនោះថា «ប្រទេសនានាគួរតែយកវេទិកាអង្គការសហប្រជាជាតិ (UN) ដើម្បីបង្កើតចេញជាច្បាប់សកល និងជំរុញឲ្យមានប្រព័ន្ធអភិបាលកិច្ចរួមមួយ ដែលមានភាពយុត្តិធម៌ សមហេតុផល និងចែករំលែកផលប្រយោជន៍»។

ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីចិនបានអំពាវនាវឲ្យពិភពលោក ជាពិសេសមហាអំណាចធំៗ លើកស្ទួយគំនិតនៃការ «រស់នៅសុខដុមជាមួយធម្មជាតិ» ហើយព្យាយាមដោះបញ្ហាធម្មជាតិ ដោយប្រើប្រាស់វិធីសាស្ត្របានមកពីធម្មជាតិ។ ប្រការនេះត្រូវបានលោកនាយករដ្ឋមន្ត្រីចិន ផ្តោតជាសំខាន់បំផុតទៅលើ ការប្តេជ្ញាចិត្តក្នុងកម្រិតខ្ពស់ ពីសំណាក់ប្រទេសទាំងអស់នៅលើផែនដីនេះ៕