(ម៉ានីល)៖ លោក ហារី រ៉ូកេ (Harry Roque) ដែលជាអ្នកនាំពាក្យ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១ នេះបាននិយាយថា លោកប្រធានាធិបតីបានសម្រេច ដកចេញនូវវិធានការហាមឃាត់ ការធ្វើដំណើរមកពីប្រទេសចំនួន ១០ ហើយក្នុងនោះរួមមានប្រទេសឥណ្ឌា អេមីរ៉ាត់អារ៉ាប់រួម និងឥណ្ឌូណេស៊ីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។

លោក Harry Roque បាននិយាយថា វិធានការហាមឃាត់ការធ្វើដំណើរមកពីប្រទេសឥណ្ឌា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តដំបូងបង្អស់កាលពីខែមេសា បន្ទាប់មកបានពង្រីកដល់ប្រទេសជាច្រើនទៀតនៅក្នុងខែកក្កដា ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta នឹងត្រូវដកចេញនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះហើយ។

លោក Harry Roque បានថ្លែងបន្ថែមទៀតថា អ្នកដំណើរមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស ស្រីលង្កា នេប៉ាល់ អេមីរ៉ាអារ៉ាប់រួម អូម៉ង់ ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នឹងអាចធ្វើដំណើរមកកាន់ប្រទេសហ្វីលីពីនបាន ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះតទៅ ដោយគ្រាន់តែត្រូវចំណាយរយៈពេល ១៤ថ្ងៃដើម្បីធ្វើចត្តាឡីស័ក ពេលមកដល់ប្រទេសដីកោះនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២.០៦លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៣៤,០០០នាក់ និងអ្នកជាសះស្បើយជាង ១.៨៦លាននាក់៕