(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នឹងរៀបចំបើកសន្និសីទមួយ ស្តីពីការផ្តល់ជំនួយរបស់អន្តរជាតិ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៣ ខែកញ្ញាខាងមុខ តបទៅតាមការអំពាវនាវរបស់លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) ឲ្យពិភពលោករួមគ្នាដោះស្រាយ មហន្តរាយផ្នែកមនុស្សធម៌ ដែលកំពុងរីកធំឡើងនៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

លោក Antonio Guterres បានសរសេរសារបង្ហោះលើគណនី Twitter របស់លោកយ៉ាងដូច្នេះថា «យើងត្រូវការសហគមន៍អន្តរជាតិ ងើបឈរឡើងព្រមគ្នា និងគាំទ្រប្រជាជនអាហ្វហ្កានីស្ថាន។ យើងក៏ជំរុញឲ្យមានការជួយសម្រួល ដល់សកម្មភាពមនុស្សធម៌នានា ចូលទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន ដោយពេញលេញ និងគ្មានភាពរអាក់រអួលផងដែរ»។

គួរបញ្ជាក់ថា សន្និសីទនាសប្តាហ៍ក្រោយនេះ នឹងជំរុញឲ្យសហគមន៍អន្តរជាតិ ផ្តល់ជំនួយមនុស្សធម៌ជាចាំបាច់ ហើយទីភ្នាក់ងារ UN ដែលពាក់ព័ន្ធទាំងអស់ នឹងមានតួនាទីក្នុងការចាត់ចែង ដើម្បីនាំយកជំនួយទាំងនោះ ចូលទៅសង្គ្រោះប្រជាជនអាហ្វហ្កានីស្ថាន។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) ធ្លាប់មានព្រមានថា វិបត្តិនៅអាហ្វហ្គានីស្ថាននឹងធ្វើឲ្យប្រជាជនជាង ១៨លាននាក់ ឬស្មើពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុងប្រទេសនេះ ជួបគ្រោះអត់ឃ្លានធ្ងន់ធ្ងរ ប្រសិនបើជំនួយមិនត្រូវបានផ្តល់ឲ្យទាន់ពេល៕