(ប៉េកាំង)៖ កាលពីយប់ថ្ងៃទី២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មជាសកល នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ដែលបានប្រកាសវិធានការណ៍មួយចំនួនរបស់ចិន ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម ដោយបានបង្ហាញសញ្ញាយ៉ាងច្បាស់ថា ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយតទៅទៀត។ នេះមិនគ្រាន់តែបានបង្កើតកាលានុវត្តភាពថ្មីដល់ពាណិជ្ជកម្មសេវាកម្មជាសកលតែប៉ុណ្ណោះទេ តែថែមទាំងក៏បានផ្តល់ “កូនសោមាស” សម្រាប់ដោះស្រាយបញ្ហាពិបាក ក្នុងសេដ្ឋកិច្ចសកលទៀតផង។

ពាណិជ្ជកម្មសេវាកម្មជាចំណែកសំខាន់មួយ ក្នុងពាណិជ្ជកម្មអន្តរជាតិ បច្ចុប្បន្ននេះវាបានក្លាយជា “ក្បាលម៉ាស៊ីនថ្មី” ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិរួចហើយ។ ក្នុងនាមជាប្រទេសពាណិជ្ជកម្មសេវាកម្មធំទីពីរនៅលើពិភពលោក ប្រទេសចិនរៀបចំធ្វើពិព័រណ៌ពាណិជ្ជកម្មសេវាកម្មអន្តរជាតិ វាជាបង្អួចសំខាន់នៃការពង្រីកការបើកទូលាយផង ហើយក៏ជាវេទិកាសំខាន់សម្រាប់ឱ្យពិភពលោក ចែករំលែកទីផ្សារសេវាកម្មរបស់ប្រទេសចិនផងដែរ។ ដូចនេះ អ្នកដឹកនាំនៃប្រទេសចិនបានធ្វើអត្ថាធិប្បាយ អំពីគំនិតផ្តួចផ្តើម និងវិធានការណ៍ក្នុងវេទិកាដ៏សំខាន់នេះ ដោយបានជំរុញឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។

បើមើលពីវិធានការណ៍ដែលចិនបានប្រកាសក្នុងឆ្នាំនេះ វាបានពាក់ព័ន្ធវិស័យ ៤ ដូចជា៖ ការលើកកម្ពស់កម្រិតបើកទូលាយ ការពង្រីកចន្លោះសហប្រតិបតិ្តការ បង្កើនកិច្ចកសាងក្បួនច្បាប់លើវិស័យសេវាកម្ម និងបន្តផ្តល់ការគាំទ្រដល់ការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍរបស់សហគ្រាសមធ្យមនិងតូច។ ទាំងការជំរុញអនុវត្តបញ្ជីអវិជ្ជមានលើវិស័យសេវាកម្មឆ្លងដែន នៅទូទាំងប្រទេសចិន និងផ្តល់ការគាំទ្រកាន់តែច្រើនដល់ការអភិវឌ្ឍសេវាកម្មរបស់ប្រទេសជាតិ ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” ទាំងផ្តល់ការគាំទ្រដល់ក្រុងប៉េកាំងជាដើម ធ្វើការសាកល្បងតភ្ជាប់ជាមួយក្បួនច្បាប់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរជាតិ ដែលមានកម្រិតខ្ពស់ និងការបង្កើតផ្សារមូលបត្រក្រុងប៉េកាំង វិធានការនីមួយៗសុទ្ធតែមានប្រសិទ្ធភាពយ៉ាងខ្លាំង។

ក្រៅពីនេះ ពិព័រណ៌ពាណិជ្ជកម្មសេវាកម្មលើកនេះ បានធ្វើឡើងក្រោមប្រធានបទ “ឌីជីថលបង្កើតអនាគត សេវាកម្មជំរុញការអភិវឌ្ឍន៍” អាចនិយាយបានថា ពិព័រណ៌លើកនេះបានក្តាប់ជាប់ឱកាស នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងស្វែងរកកម្លាំងចលករអភិវឌ្ឍរយៈពេលយូរ សម្រាប់ឱ្យពាណិជ្ជកម្មសេវាកម្មសកលលោក។

ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺក្រុមមិត្តភកិ្តរបស់ពិព័រណ៌ពាណិជ្ជកម្មសេវាកម្ម កាន់តែធំឡើងៗ។ ឆ្នាំនេះ សហគ្រាសចំនួនជាង ១ម៉ឺននៃប្រទេសនិងតំបន់សរុប ១៥៣ បានចុះឈ្មោះសុំចូលពិព័រណ៌នៅកន្លែងផ្ទាល់ និងតាមអនឡាញ។ ក្នុងនោះ សហគ្រាសចំនួន ២,៤០០ បានចូលរួមពិព័រណ៌នៅកន្លែងផ្ទាល់ បានកើនជាង ៦ភាគរយ បើប្រៀបធៀបនឹងពិព័រណ៌លើកមុន។ ក្នុងនោះ ក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០ លើពិភពលោក និងសហគ្រាសធំនិងសំខាន់ មានចំនួន ១៨ភាគរយ បានកើនឡើង ៩ភាគរយ បើធៀបនឹងលើកមុន។

ប្រជាប្រិយភាពរបស់ពិព័រណ៌ពាណិជ្ជកម្មសេវាកម្ម អាចបង្ហាញឱ្យឃើញថា ការគាំពារនិយម និងឯកតោភាគីនិយម មិនអាចទទួលបានការគាំទ្រជាដាច់ខាត។ បើសិនជាចង់ដោះស្រាយបញ្ហាដែលសេដ្ឋកិច្ចសកល ពាណិជ្ជកម និងវិនិយោគអន្តរជាតិបាន និងកំពុងប្រឈម នោះមានតែប្រើ “កូនសោមាស” តែមួយទេ ពោលគឺ៖ ប្រកាន់ខ្ជាប់គោលការណ៍សន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបតិ្តការ និងឈ្នះ-ឈ្នះមិនងាករេ៕ (#CCFR Comment#)