(ប៉េកាំង)៖ ជំរាបសួរប្រិយមិត្ត ប្រយោគបុរាណចិន 和羹之美,在于合异 ដកស្រង់ចេញពីសៀវភៅ «三国志» ជាសៀវភៅប្រវត្តិសម័យសាមកុកមានន័យថា ៖ «រសជាតិឆ្ងាញ់បានមកពីការរួមបញ្ចូលគ្នា យ៉ាងល្អរវាងគ្រឿងផ្សំខុសៗគ្នា»។

លើពិភពលោកមានប្រទេស និងតំបន់ចំនួនជាង ២០០ ជនជាតិចំនួនជាង ២,៥០០ និងសាសនាជាច្រើន។ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ប្រើប្រយោគនេះ ដើម្បីបកស្រាយពីអត្ថន័យនៃសាមគ្គីភាព និងបរិយាប័ន្ន លោកបានលើកឡើងថា អរិយធម៌ខុសៗគ្នាធ្វើឱ្យពិភពលោកនេះមានភាពអស្ចារ្យ ភាពចម្រុះបែបនៃអរិយធម៌ជាប្រភពដើម នៃការរីកចម្រើនរបស់មនុស្សជាតិ។

ក្នុងរយៈពេលជាងមួយខែកន្លងនេះ ទូទាំងពិភពលោកទទួលបានកម្លាំងចិត្តយ៉ាងខ្លាំង ពីស្មារតីកីឡាអូឡាំពិក ដែលផ្តោតលើសន្តិភាព មិត្តភាព និងសាមគ្គីភាព។ ប្រតិភូអត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលមានអរិយធម៌ខុសៗគ្នា បានជួបជុំគ្នាបង្ហាញឱ្យឃើញនូវកម្លាំងនៃសាមគ្គីភាព មនុស្សទាំងអស់បានលើកទឹកចិត្តគ្នាទៅវិញទៅមក បានបង្កើតជាមហាព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ។

សូមបញ្ជាក់ថា ស្មារតីសាមគ្គីភាពដែលផ្តួចផ្តើមដោយកីឡាអូឡាំពិក និងគំនិតផ្តួចផ្តើមរបស់ចិន អំពីការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ គឺមានខ្លឹមសារស្នូលដូចគ្នា ! ពេលប្រឈមមុខនឹងសភាពការណ៍រាលដាលនៃជំងឺឆ្លង ការប្រែប្រួលនៃអាកាសធាតុ ក៏ដូចជាវិបត្តិស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចជាដើម ដែលជាបញ្ហាប្រឈមរួមនៃមនុស្សជាតិ មានតែសាមគ្គីគ្នា សហប្រតិបត្តិការជាមួយគ្នាតែប៉ុណ្ណោះ ទើបជាអាវុធដ៏ខ្លាំងក្លាបំផុត។

សល់តែកន្លះឆ្នាំទៀត ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ នឹងបើកធ្វើ។ រសជាតិឆ្ងាញ់បានមកពីការរួមបញ្ចូលគ្នា យ៉ាងល្អរវាងគ្រឿងផ្សំខុសៗគ្នា - ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់អាកប្បកិរិយាបើកទូលាយ បរិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីឱ្យស្មារតីនៃសាមគ្គីភាពបន្តផ្សព្វផ្សាយជាសកល។

«ណាត់ជួបគ្នានៅទីក្រុងប៉េកាំងនៅដើមឆ្នាំ ២០២២ !»