(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ PressTV បានរាយការណ៍ឱ្យដឹងថា កុមារជិត ៣៣,០០០នាក់បានស្លាប់និងពិការ នៅក្នុងសង្គ្រាមរយៈពេល ២០ឆ្នាំរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយ PressTV បានរាយការណ៍ដូចខាងលើ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយដកស្រង់ទិន្នន័យពីអង្គការសង្រ្គោះកុមារ (Save the Children) ដែលជាអង្គការមនុស្សធម៌អន្តរជាតិ មានការិយាល័យកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ អង្គការនេះអះអាងថា ខ្លួនបានធ្វើការនៅប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ១៩៧៦មកម្ល៉េះ ដើម្បីផ្តល់សេវាកម្មជួយសង្គ្រោះអាយុជីវិតដល់ កុមារនិងគ្រួសាររបស់ពួកគេ។

អង្គការ Save the Children បានលើកឡើងដូច្នេះថា «តួលេខនេះ គឺជាការឆ្លុះបញ្ចាំងដ៏គួរឲ្យតក់ស្លុតមួយ អំពីលទ្ធផលនៃសង្រ្គាមចំពោះកុមារ។ ចំនួនពិតប្រាកដនៃកុមារបង់ជីវិត ដែលកើតចេញផ្ទាល់ពីសង្រ្គាមនៅអាហ្វហ្កានីស្ថាន ទំនងជាខ្ពស់ជាងចំនួនប៉ាន់ស្មាន ៣២,៩៤៥នាក់នេះ ទៅទៀត ខណៈតួលេខនេះមិនរាប់បញ្ចូលកុមារ ដែលបានស្លាប់ដោយសារភាពអត់ឃ្លាន ភាពក្រីក្រ និងជំងឺផ្សេងៗ នៅក្នុងពេលនោះទេ»

លោក Hassan Noor នាយកប្រចាំតំបន់អាស៊ីនៃអង្គការ Save the Children បានមាននិយាយថា «អ្វីដែលនៅសល់បន្ទាប់ពីសង្រ្គាមរយៈពេល ២០ឆ្នាំនោះ គឺជាក្មេងៗជំនាន់ក្រោយ ដែលពេញជួយជីវិតពួកគេ បានជួបតែភាពវេទនានិងផលប៉ះពាល់ ដោយសារសង្រ្គាម»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបញ្ចប់សង្គ្រាមរយៈពេល ០២ទសវត្សរ៍របស់ខ្លួន នៅប្រទេសអាហ្វហ្កានីស្ថាន ដែលជាសង្រ្គាមដ៏វែងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក នៅពេលដែលយន្តហោះអាមេរិកចុងក្រោយ បានហោះចេញពីរដ្ឋធានីកាប៊ុលនៃប្រទេសអាស៊ីកណ្តាលមួយនេះ៕