(ញូយ៉ក)៖ ដោយសារតែការប្រែប្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធនានាចាស់ទ្រុឌទ្រោម ទើបធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងន់ ពីគ្រោះទឹកជំនន់ដែលបានវាយប្រហារទីក្រុងញូយ៉ក នៅពេលដែលឥទ្ធិពលបន្សល់ទុកពីព្យុះហឺរីខិន អាយដា (Ida) បានបោកបក់ឆ្លងកាត់ភាគឱឦសាននៃសហរដ្ឋអាមេរិក ដែលបណ្ដាលឱ្យមនុស្សយ៉ាងតិច ៤៧នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

អភិបាលក្រុងញូយ៉ក លោក បៀល ដេ ប្លាស៉ីអូ (Bill de Blasio) បានថ្លែងបន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗថា «យើងស្ថិតនៅក្នុងពិភពលោកខុសពីមុនទាំងស្រុង... នេះក៏ជាបញ្ហាប្រឈមខុសពីមុនផងដែរ»។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់ ដែលបានប្រែក្លាយដងផ្លូវទៅជាទន្លេ ហើយមនុស្សជាច្រើននាក់ បានលង់ទឹកស្លាប់នៅតាមផ្ទះរបស់ពួកគេ។ ការប្រែប្រួលអាកាសធាតុ រួមផ្សំជាមួយនឹងកង្វះខាតនៃការត្រៀមទុកជាមុន បានធ្វើឱ្យទីក្រុងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ឈានដល់ចំណុចដ៏ពិបាកបំផុត។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៤៧នាក់បានបាត់បង់ជីវិត ដោយសារតែឥទ្ធិពលបន្សល់ទុកពីព្យុះហឺរីខិន Ida។ ជនរងគ្រោះទាំងអស់ សុទ្ធតែបានស្លាប់ដោយសារតែ ការលង់ទឹកនៅតាមផ្ទះ និងក្នុងរថយន្ត ខណៈទឹកជំនន់បានកើនឡើងយ៉ាងលឿនរហ័សពេក ទាំងនៅក្នុងរដ្ឋ ញូយ៉ក, ម៉ារីលែន, ញូជឺស៊ី, ភែនស៊ីលវេនៀ និង ខុនណិចធីខាត់ ផងដែរ។ តំបន់ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារតែទឹកជំនន់កម្រកើតមានបំផុត នៅក្នុងប្រវត្តិសាស្ត្រនោះ គឺនៅរដ្ឋ ញូជឺស៊ី និងទីក្រុងញូយ៉ក៕