(តូក្យូ)៖ បណ្តាញព័ត៌មានក្នុងស្រុករបស់ជប៉ុន នៅព្រឹកថ្ងៃសៅរ៍នេះបានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ដែលទើបតែប្រកាសត្រៀមលាលែងពីតំណែង នឹងផ្តល់ការគាំទ្រចំពោះរដ្ឋមន្រ្តីមួយរូបនៅជប៉ុន គឺលោក តារ៉ូ កូណុ (Taro Kono) ដែលបច្ចុប្បន្នទទួលបន្ទុកយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ឲ្យចូលរួមប្រកួតប្រជែងយកតំណែងជា ប្រធានគណបក្សកាន់អំណាចជប៉ុន LDP ក្នុងខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Suga បានប្រកាសថា លោកនឹងមិនប្រកួតក្នុងការជ្រើសរើសប្រធានគណបក្ស LDP ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា នោះឡើយ។ វាស្មើនឹងមានន័យថា លោកនឹងមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីទៀតនោះទេ ខណៈអ្នកដែលជាប់ជាប្រធានគណបក្ស នឹងត្រូវជំនួសលោកជានាយករដ្ឋមន្រ្តីជប៉ុនថ្មី។

ប៉ុន្មានម៉ោងក្រោយការប្រកាសរបស់លោក Suga នាពេលនោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន TBS បានរាយការណ៍ថា លោក Kono មានបំណងឈរឈ្មោះយកតំណែងប្រធានគណបក្ស LDP តែលោក Kono បានចេញមុខបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងពិគ្រោះយោបល់ជាមួយក្រុមមន្រ្តីក្នុងបក្សជាងមុនសិន។ យ៉ាងណាក្តី ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយជប៉ុន នីពផុន (Nippon) បានរាយការណ៍ថា លោក Suga នឹងគាំទ្រលោក Kono។

គួរបញ្ជាក់ថា លោក Taro Kono អាយុ ៥៨ឆ្នាំ ដែលធ្លាប់កាន់តួនាទីជារដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិជប៉ុនផងដែរនោះ ត្រូវគេកត់សម្គាល់ឃើញថា ទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមយុវជនជប៉ុន។ បន្ថែមពីនេះការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៃបក្ស LDP ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះប្រធានបក្សនេះមានតួនាទីស្នូល ក្នុងការដឹកនាំបក្សទាំងមូលទៅស្វែងរកជ័យជម្នះ ក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕