(អូតាវ៉ា)៖ ទីភ្នាក់ងារសុខភាពសាធារណៈកាណាដា (PHAC) នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថា ការត្រួតពិនិត្យជាថ្មីបានបង្ហាញពីតម្រូវបន្ទាន់ ក្នុងការជំរុញមនុស្សពេញវ័យជាច្រើននាក់ទៀត នៅក្នុងប្រទេសកាណាដា ឱ្យមកទទួលការចាក់វ៉ាក់សាំង ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី ៤ នៃជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

PHAC បានគូសបញ្ជាក់នៅក្នុងបទបង្ហាញមួយថា បើតាមអត្រានៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ ករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃអាចកើនឡើងលើសពីរលកទី ៣ ហើយអាចកើនឡើងលើសពីសមត្ថភាព របស់មន្ទីរពេទ្យនានាក្នុងការទទួលអ្នកជំងឺ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។ PHAC បានបញ្ជាក់បន្ថែមទៀតថា ការត្រួតពិនិត្យស្ថានការណ៍ជាថ្មីនេះ បានបង្ហាញពីតម្រូវការបន្ទាន់ ក្នុងការបង្កើនអត្រានៃការចាក់វ៉ាក់សាំង ឲ្យបានកាន់តែលឿន ជាពិសេសក្នុងចំណោមក្រុមមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ១៨-៣៩ឆ្នាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃឥទ្ធិពលវីរុសបំប្លែងខ្លួន Delta។

លោកស្រី ថេរ៉េសា តាំ (Theresa Tam) ប្រធានផ្នែកសុខភាពសាធារណៈ នៃប្រទេសកាណាដាបានថ្លែងថា «ចំណុចសំខាន់ពេលនេះ គឺមនុស្សរាប់លាននាក់ទៀត នៅទូទាំងប្រទេសកាណាដា នៅតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ដែលវាអាចបង្កឱ្យមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺ COVID-19 ធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា បើតាមគេហំទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសកាណាដាបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១.៥១លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៧,០០០នាក់ និងអ្នកជាសះស្បើយជាង ១.៤៤លាននាក់។ អត្រាកើនឡើងវិញនៃករណីឆ្លង COVID-19 ដែលត្រូវបានចាត់ទុកថា ជារលកទី ៤ នេះ បាននិងកំពុងបង្កឡើងដោយវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់៕