(ព្រុចស៊ែល)៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) នាថ្ងៃសុក្រសប្តាហ៍នេះ សមាជិកទាំងអស់បានព្រមព្រៀងគ្នថា នឹងស្វះស្វែងរកការបង្កើត ការិយាល័យតំណាងរួមមួយរបស់ EU នៅក្នុងទីក្រុងកាប៊ុល ដើម្បីធានាសុវត្ថិភាពដល់ការចាកចេញនៃពលរដ្ឋអឺរ៉ុប និងប្រជាជនអាហ្វហ្កានីស្ថាន ប្រសិនពួកគេគិតថាគ្មានសុវត្ថិភាព និងចង់ចាកចេញពីទឹកដី ប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ប្រធាននយោបាយនៃសហភាពអឺរ៉ុបលោក ចូសិព បូរ៉ែល បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមិនផ្លូវការខាងលើនេះថា «ក្រុមការងារនេះនឹងត្រូវពិចារណាក្នុងការបង្កើតឡើង ប៉ុន្តែយើងត្រូវពិនិត្យមើលទៅលើ ស្ថានការណ៍វិវឌ្ឍជាក់ស្តែងនៅអាហ្វហ្កានីស្ថានសិន ជាពិសេសគឺរដ្ឋាភិបាលថ្មី»

លោក ចូសិព បូរ៉ែល បានគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា «យើងត្រូវបានជំរុញដោយក្រុមប្រឹក្សាអឺរុប ឲ្យរៀបចំកិច្ចសម្របសម្រួលក្នុងការបង្កើត ការិយាល័យធ្វើទំនាក់ទំនងជាមួយក្រុមតាលីបង់ ដែលជារដ្ឋាភិបាលថ្មីនៅអាហ្វហ្កានីស្ថាន ក្នុងនោះរួមមានការបង្កើតតំណាងរួមនៃ EU នៅក្នុងទីក្រុងកាប៊ុល ប្រសិនបើលក្ខខណ្ឌសន្តិសុខនានា អនុញ្ញាតឲ្យមានដំណើរការនេះ»

គួរបញ្ជាក់ថា ការិយាល័យតំណាងរួមរបស់ EU ខាងលើនេះ គឺមានគោលដៅជួយសម្រួល ដល់ពលរដ្ឋអឺរ៉ុប និងអាហ្វហ្កានីស្ថានទាំងឡាយដែលគិតថា ជីវិតពួកគេស្ថិតក្នុងហានិភ័យ ហើយចង់ចាកចេញពីប្រទេសនេះ ដោយមានប្រទេសជាសមាជិក EU នានារង់ចាំទទួល។ សហភាពអឺរ៉ុបក៏បានរំលឹកដល់ក្រុមតាលីបង់ជាថ្មីផងដែរថា ក្រុមនេះត្រូវគោរពសិទ្ធិមនុស្ស ជាពិសេសនោះគឺសិទ្ធិស្ត្រី និងមិនត្រូវធ្វើជាជម្រកនៃក្រុមភេរវករនោះឡើយ ប្រសិនបើតាលីបង់ចង់កសាងទំនាក់ទំនងជាមួយអឺរ៉ុប៕