(ប៉េកាំង)៖ រដ្ឋាភិបាលចិននាថ្ងៃសុក្រនេះបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ខណៈរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី នឹងត្រូវបង្កើតឡើងជាផ្លូវការដោយក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន (Wang Wenbin) បានថ្លែងឲ្យដឹងបែបនេះ នៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃ។ លោក វ៉ាង បានបន្តថា ស្ថានទូតចិនប្រចាំអាហ្វហ្គានីស្ថាន គឺជាច្រកដ៏សំខាន់មួយ សម្រាប់ការទាក់ទងរវាងប្រទេសទាំងពីរ ហើយបច្ចុប្បន្នស្ថានទូតចិន កំពុងបន្តប្រតិបត្តិការជាធម្មតា នៅទីនោះ។

បើតាមលោកអ្នកនាំពាក្យចិនរូបនេះ ទីក្រុងប៉េកាំងសង្ឃឹមថា អាហ្វហ្គានីស្ថាននឹងបង្កើតរចនាសម្ពន្ធរដ្ឋាភិបាលមួយ ដែលបើកចំហនិងប្រកបដោយបរិយាបន្ន ព្រមទាំងអនុវត្តគោលនយោបាយជាតិនិងអន្តរជាតិ ដែលមានភាពទន់ភ្លន់និងការគិតគូរវែងឆ្ងាយ ហើយកាត់ផ្តាច់រាល់ចំណងទាក់ទងជាមួយអង្គការភេរវកម្មនានា។

គួរបញ្ជាក់ថា ក្រុមតាលីបង់ដែលបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន តាំងតែពីពាក់កណ្តាលខែសីហាកន្លងទៅ ត្រូវគេរំពឹងថានឹងប្រកាសបង្កើតរដ្ឋាភិបាលថ្មីជាផ្លូវការ នៅក្នុងថ្ងៃសុក្រនេះ ក្រោមការសម្លឹងមើលមិនដាក់ភ្នែកពីសហគមន៍អន្តរជាតិ៕