(ហាណូយ)៖ ទីក្រុងហូជីមិញដែលមានមនុស្សរស់នៅច្រើនបំផុត និងជាកន្លែងដែលមានករណីឆ្លងរាលដាលជំងឺ COVID-19 ខ្លាំងក្លាជាងគេផងដែរនោះ ប្រចាំប្រទេសវៀតណាម កំពុងស្នើបន្ធូរបន្ថយវិធានការបិទខ្ទប់ (lockdown) ដើម្បីបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីព្រាងនៃសំណើខាងលើ ទីក្រុងហូជីមិញមានបំណង បើកសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រោយស្ថិតក្រោមការបិទខ្ទប់ប៉ុន្មានខែមកហើយ ដោយសារតែរងការវាយលុកយ៉ាងខ្លាំងពី COVID-19 ជាពិសេសវីរុសបំប្លែងខ្លួន Delta។ ទីបំផុតវៀតណាម ហាក់បានសម្រេចចិត្តផ្លាស់ប្តូរយុទ្ធសាស្រ្តគ្រប់គ្រង COVID-19 របស់ខ្លួន គឺពីការព្យាយាមលុបបំបាត់ករណីឆ្លងឲ្យចុះដល់ចំណុចសូន្យ ទៅជារៀនរស់នៅជាមួយជំងឺនេះវិញ។

កាលពីថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ទើបតែបានថ្លែងថា ប្រទេសលោកមិនអាចបន្តពឹងផ្អែក លើវិធានការបិទខ្ទប់ជារៀងរហូតឡើយ ព្រោះវាបង្កការលំបាកជាខ្លាំង ទាំងចំពោះប្រជាជននិងសេដ្ឋកិច្ច។ លោកបានទទួលស្គាល់ថា វិបត្តិជំងឺ COVID-19 កំពុងបន្តវិវត្តទៅមុខ ក្នុងលក្ខណៈស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបានមួយ ហើយនឹងអូសបន្លាយយូរទៀត។

គួរបញ្ជាក់ថា ករណីឆ្លងសរុបនៃ COVID-19 ទូទាំងប្រទេសវៀតណាម បានលោតឡើងពីត្រឹមខ្ទប់ប៉ុន្មានពាន់នាក់ កាលពីចុងខែមេសា កន្លងទៅ មកដល់ជាង៤៨០,០០០នាក់ នាពេលបច្ចុប្បន្ន ដោយក្នុងនោះមានអ្នកស្លាប់ជាង១២,០០០នាក់ ហើយទីក្រុងហូជីមិញ ជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ វៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗចំនួន ១៣,១៩៧នាក់ និងស្លាប់២៧១នាក់។ ចំណែកឯល្បឿននៃការចាក់វ៉ាក់សាំង គឺត្រឹម២.៩ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនវៀតណាមសរុបជិត១០០លាននាក់ ដែលទទួលបានការចាក់គ្រប់ដូស៕