(ប៉េកាំង)៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក Kenneth McKenzie មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក បានប្រកាសថា កងទ័ពអាមេរិកសម្រេចបាននូវការជម្លៀសចេញពីអាហ្វហ្កានីស្ថានរួចហើយ។ យប់ថ្ងៃដដែល លោក បៃដិន ប្រធានាធិបតីអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍នៅក្រុងវ៉ាស៊ីនតោនថា វត្តមានយោធារបស់អាមេរិកនៅអាហ្វហ្កានីស្ថាន បានបញ្ចប់ហើយ ។

ក្នុងគ្រានេះ ប្រជានអាហ្វហ្កានីស្ថាន ដែលបានរងអំណាចផ្តាច់មុខពីអាមេរិក និងរងសោកនាដកម្មពីការជ្រៀតជ្រែកយោធា រំពឹងទុកយ៉ាងខ្លាំងនូវស្ថានការណ៍សន្តិភាព ដើម្បីស្តារប្រទេសនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិទ្បើងវិញ។ ក្នុងបទសម្ភាសន៍មួយ លោក Ghulam Jilani Zwak អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងផ្តល់យោបល់របស់អាហ្វហ្កានីស្ថាន និងជាអ្នកវិភាគនយោបាយ បានថ្លែងថា៖ «រយៈពេលរាប់សិបឆ្នាំកន្លងមក អាហ្វហ្កានីស្ថានបានរងការឈ្លានពាន និងជ្រៀតជ្រែកពីបរទេស។ កងទ័ពអាមេរិកបោះប្រចាំនៅអាហ្វហ្គានីស្ថាន អស់រយៈពេល២០ឆ្នាំ ធ្វើឱ្យប្រជាជនអាហ្វហ្កានីស្ថានរងវេទិនាក្នុងសង្គ្រាមរ៉ាំរ៉ៃ»

លោកបន្តថា «បច្ចុប្បន្ននេះ ដោយសាររងការជ្រៀតជ្រែកពីបរទេស បានជាអាហ្វហ្កានីស្ថាន ក្លាយជាមជ្ឈមណ្ឌលធ្វើសង្រ្គាម និងបដិបក្ខគ្នាក្នុងតំបន់។ និយាយចំពោះអាហ្វហ្កានីស្ថាន ប្រទេសធំៗគួរតែបញ្ឈប់ការជ្រៀតជ្រែក និងប្រើប្រាស់ប្រទេសនេះ ធ្វើជាឈ្នាន់ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ ប្រទេសចិនបានលើកឡើងថា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន នេះសមស្របនឹងផលប្រយោន៍អាហ្វហ្កានីស្ថាន ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់ផងដែរ»

នៅថ្ងៃទី២ ខែកញ្ញា លោក Wu Jianghao ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានទាក់ទងតាមទូរស័ព្ទជាមួយលោក Abdul Salam Hanafi អនុប្រធានទីស្នាក់ការក្រុមតាលីបង់ប្រចាំនៅក្រុងដូហា ដោយបានថ្លែងថា ស្ថានការណ៍នៅអាហ្វហ្កានីស្ថាន បានកើតមានបម្រែបម្រួលថ្មីដោយ អាហ្វហ្កានីស្ថានបានក្តាប់ជាប់ជោគវាសនារបស់ខ្លួនជាថ្មីឡើងវិញ។ និយាយអំពីមិត្តភាពរវាងចិន និងអាហ្វហ្កានីស្ថាន មានប្រវត្តិជាងមួយពាន់ឆ្នាំមកហើយ ជានិច្ចកាលប្រទេសចិនគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់អាហ្វហ្កានីស្ថាន ប្រកាន់ខ្ជាប់គោលនយោបាយមេត្រីភាព ជាមួយប្រជាជនអាហ្វហ្កានីស្ថានទាំងមូល។ ហើយរំពឹងទុកអាហ្វហ្កានីស្ថានអាចសម្រេចបាន នូវសន្តិភាពនិងស្ថិរភាពក្នុងពេលឆាប់ៗ និងស្តារប្រទេសជាថ្មីឡើងវិញ។

ទាក់ទិននឹងទំនាស់នយោបាយសំខាន់ៗ និងតម្រូវការខាងរក្សាស្ថិរភាព នៅអាហ្វហ្កានីស្ថាននាពេលបច្ចុប្បន្ននេះ ប្រទេសចិនស្នើឱ្យបក្សពួកនានា នៃអាហ្វហ្កានីស្ថានធ្វើការពិគ្រោះពិភាក្សា ដើម្បីបង្កើតរចនាសម័្ពន្ធប្រកបដោយភាពបើកចំហ និងបរិយាប័ន្ន អនុវត្តគោលនយោបាយក្នុងស្រុក និងការទូតដ៏ទន់ភ្លន់និងរឹងមាំ ផ្តាច់ទំនាក់ទំនងជាមួយអង្គការភេរវនិយមគ្រប់បែបយ៉ាង និងបង្កើតទំនាក់ទំនងមេត្រីភាពជាមួយ បណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសគឺប្រទេសជិតខាង។

ផ្តល់បទសម្ភាសន៍ លោក Matiullah Kharoti អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃប្រទេសអាហ្វហ្កានីស្ថានបានថ្លែងថា៖ «ជានិច្ចកាល ប្រទេសចិនបានខិតខំប្រឹងប្រែង ឱ្យបក្សពួកនានានៃអាហ្វហ្កានីស្ថាន ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិភាព ផ្តួចផ្តើមឱ្យមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសអាហ្វហ្កានីស្ថាន ហើយមិនដែលប្រើអំណាចផ្តាច់មុខ និងកម្លាំងអាវុធទៅលើអាហ្វហ្កានីស្ថាន ដូចអាមេរិកនោះទេ។ លោកបានលើឡើងថា៖ «សំណើរបស់ចិនគឺដើម្បីសន្តិភាពរបស់អាហ្វហ្កានីស្ថាន ហើយបានគោរពសិទ្ធិមនុស្សរបស់ប្រជាជនអាហ្វហ្កានីស្ថាន សមស្របនឹងសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន និងផលប្រយោជន៍របស់ប្រជាជនអាហ្វហ្កានីស្ថាន»