(ប៉េកាំង)៖ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោក នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន CIFTIS ឆ្នាំ២០២១ បានបើកនៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោកតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានថ្លែងថា ប្រទេសចិននឹងលើកកម្ពស់កម្រិតបើកទូលាយ ជំរុញការអនុវត្តបញ្ជីពាណិជ្ជកម្មសេវាកម្មឆ្លងដែន នៅទូទាំងប្រទេស ព្រមទាំងស្វែងរកការកសាងតំបន់គំរូថ្នាក់ជាតិខាងការច្នៃប្រឌិតថ្មី និងអភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម។ ប្រទេសចិននឹងបង្កើនការគាំទ្រ ចំពោះការរួមគ្នាអភិវឌ្ឍឧស្សាហកម្មសេវាកម្មរបស់ប្រទេស «ខ្សែក្រវាត់និងផ្លូវ» ដើម្បីចែករំលែកសមិទ្ធផល នៃការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេសចិន។

លោក Xi Jinping បានថ្លែងថា យើងរួមសហការជាមួយគ្រប់ភាគី ដោយប្រកាន់ខ្ជាប់នូវការបើកទូលាយ កិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍពាណិជ្ជកម្មសេវា ដើម្បីរួមគ្នាជំរុញការស្តារសេដ្ឋកិច្ចសកលឡើងវិញ។ យើងនឹងពង្រឹងការស្ថាបនាកំណត់ច្បាប់លើវិស័យសេវាកម្ម គាំទ្រក្រុងប៉េកាំងនិងតំបន់ផ្សេងទៀត ក្នុងការអនុវត្តសាកល្បងមុនគេបង្អស់ នូវបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រកបដោយកម្រិតខ្ពស់អន្តរជាតិ បង្កើតតំបន់គំរូខាងពាណិជ្ជកម្មឌីជីថល។ យើងនឹងបន្តគាំទ្រដល់ការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី របស់សហគ្រាសធុនតូចនិងមធ្យម ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ New OTC Market បង្កើតផ្សារមូលម័ត្រក្រុងប៉េកាំង ដើម្បីបង្កើតជាទីតាំងសំខាន់ សម្រាប់សហគ្រាសធុនតូចនិងមធ្យមបែបច្នៃប្រឌិតថ្មី ។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន បានរៀបចំចំនួន៧លើក ចាប់តាំងពីឆ្នាំ២០១២មក។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន គឺជាពិពណ៌មានលក្ខណៈចម្រុះ ដែលមានទ្រង់ទ្រាយធំបំផុតលើ វិស័យពាណិជ្ជកម្មសេវាកម្មទូទាំងពិភពលោក ហើយក៏ជាវេទិកាធ្វើពាណិជ្ជកម្មផងដែរ។

នៅក្នុងសុន្ទរកថាតាមវីដេអូ នៅខែកញ្ញា ឆ្នាំ២០២០ លោក Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើម ៣ចំណុច ស្តីពីការបើកទូលាយនិងកិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មសេវាកម្ម ហើយបានប្រកាសថា ក្រុងប៉េកាំងនឹងបង្កើតតំបន់គំរូចម្រុះថ្នាក់ជាតិ ខាងការពង្រីកការបើកទូលាយនៃឧស្សាហកម្មសេវាកម្ម និងតំបន់សាកល្បងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈសំខាន់ ដូចជាការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបើកទូលាយឧស្សាហកម្មសេវាកម្ម និងសេដ្ឋកិច្ចឌីជីថល។

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំនេះ បានរៀបចំឡើងនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ក្រោមប្រធានបទ «ឌីជីថលបើកដំណើរការអនាគត សេវាកម្មជំរុញការអភិវឌ្ឍ»។ ក្រុមហ៊ុនជាង១០,០០០ ដែលមកពីប្រទេសនិងតំបន់ចំនួន១៥៣ នឹងចូលរួមនៅក្នុងពិព័រណ៍នេះ តាមអនឡាញនិងនៅកន្លែងផ្ទាល់៕